ILO ជម្រុញ​ឲ្យ​មានការ​ចរចា​រក​ដំណោះស្រាយ​លើ​ករណី​វិវាទ​ការងារ​នៅ​បាវិត​

​បន្ទាប់ពី​កើតមាន​ករណី​វិវាទ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង អង្គការ ILO​បាន​ផ្តួចផ្តើម​កិច្ចពិភាក្សា​រក​ដំណោះស្រាយ​មួយ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ឈរលើ​គោលការណ៍​ច្បាប់​និង​ស្តង់ដារ​ការងារ​អន្តរជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ILO ចុះ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥​នេះ ។​

​អង្គការ ILO  ជម្រុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​លើកយក​ករណី​វិវាទ​ការងារ​នៅ​ក្រុង​បាវិត​មក​ដា​ក់លើ​តុ​ចរចារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។  នៅក្នុង​សេចក្តីប្រកាស​របស់ ILO លើកឡើងថា ហេតុការណ៍​ថ្មីៗ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​បាវិត​បាន​ជះឥទ្ធិពល​ដល់​ន​យោជក កម្មករ ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​បរទេស​មក​កម្ពុជា ដែល​ទាមទារ​ឲ្យ​ភាគី​ទាំងអស់​រួមគ្នា​ដោះស្រាយ​។

​ការប្រឹងប្រែង​ដ៏​ពិតប្រាកដ​ត្រូវធ្វើឡើង ដើម្បី​បញ្ជៀ​ស​ករណី​វិវាទ​ច្រំ​ដែល​ទាំងឡាយ​។  នេះ​ជាការ​អំពាវនាវ​របស់ ILO ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់  មុននឹង​បន្ថែមថា ដំណោះ​ដ៏​ត្រឹមត្រូវ ដោយ​ការដាក់​ឲ្យ​ដំណើរការ​ជាធម្មតា​ក្នុង​រោងចក្រ និង​ការចូល​ធ្វើការ​វិញ​ប្រកបដោយ​សុវត្ថិភាព​របស់​កម្មក​រ នឹង​ក្លាយជា​មូលដ្ឋាន​នៃ​ការចរចា​ដោយ​សន្តិភាព និង ដ៏​មាន​សារៈប្រយោជន៍​រវាង​ភាគី​។

​ជា​ចុងក្រោយ  ILO អញ្ជើញ​ភាគី​ពាក់ព័ន្ធ​រួមមាន កម្មករ សហ​ជិព រដ្ឋាភិបាល ន​យោជក និង​អ្នកតំណាង​ទាំងអស់ ចូលរួម​ចរចា​រក​ដំណោះស្រាយ​ដោយ​គោរព​គោលការណ៍​ច្បាប់ និង ស្តង់ដារ​ការងារ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​។ ក្នុងនោះ​អង្គការ  ILO ចាំ​ជួយ​ផ្នែក​បច្ចេកទេស និង ការពិគ្រោះ​យោបល់​ដល់​ភាគី​ទាំងអស់​៕