តុលាការ​សាលាឧទ្ធរណ៍ តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ ក្នុងករណី​ក្រុមគ្រួសារ​លោ​ឧកញ៉ា ថោង​សារ៉ាត់​

ភ្នំពេញ: ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ បានសម្រេច​តម្កល់​សាលក្រម​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ក្រុមគ្រួសារ​របស់លោក​ថោង​សារ៉ាត់ ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​។ នោះ​គឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២ ឆ្នាំ និង ៦ ខែ លើ​លោក ថោង សារ៉ាត់​។ ចំណែក​ឪពុកម្តាយ​របស់លោក ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ២ ឆ្នាំ ពីបទ​កាន់កាប់​អាវុធ ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤ ឪពុកម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សា​វី ដែលជា​ជនជាតិ​វៀតណាម ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការរក្សា​ទុក​អាវុធ​ខុសច្បាប់​។​

​រីឯ​លោក​ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់​ក្រុមហ៊ុន​បុរី ៩៩៩ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥ ក្រោយពី​ប៉ូលិស​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ក្នុងករណី​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

អង្គរក្ស ៤​នាក់​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅមុខ​ហាង​លក់​ផ្លែឈើ ជិត​រង្វង់​មូល​អាងទឹក​ស្តា​ត​អូឡាំពិក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ក្រោយហេតុការណ៍អំពើ​ឃាតកម្មនោះ លោកឧកញ៉ា ថោង សារ៉ាត់ បានបិដសេធ ហើយ​​បាន​រត់គេចខ្លួន ទៅកាន់​ប្រទេស​វៀតណាម​៕