CNRP​ទិញ​ដី​បាន​តម្លៃ​ជាង​១០​ម៉ឺន ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ដី​តម្លៃ​ជាង ១០​ម៉ឺន ៧​ពាន់​ដុល្លារ​ជា​ផ្លូវការ​ហើយ ដើម្បី​បង្កើត​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​។ ទីតាំង​សម្រាប់​ការបង្កើត​ស្ថានីយទូរទស្សន៍​នេះ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រង់ចាំ​បណ្ណ​ផ្ទេរ​កម្ម​សិទ្ធ​ចេញពី​ក្រសួង​ដែនដី មក​ឲ្យ​គណបក្ស​ប៉ុណ្ណោះ​។​នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ មុននឹង​បន្ថែមថា ក្រោយពី​បាន​បណ្ណ​ផ្ទេរកម្មសិទ្ធិ​រួច គណបក្ស​លោក​នឹង​បន្ត​ស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ដំឡើង​អង់​តែ​ន​តែម្តង​។​

​តែ​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មិនទាន់​អាច​ប្រាប់​ពី​ទីតាំង​ដី​ពិតប្រាកដ ដែល​ត្រូវ​រៀបចំ​ស្ថានីយទូរទស្សន៍​នោះបាន​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា «​បើសិនជា​អាជ្ញាធរ​ចេញ​បណ្ណ​ផ្ទេរកម្មសិទ្ធិ ហើយ​គណបក្ស​ស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​ព័ត៌មាន​បាន​រួចរាល់​ហើយ​នោះ ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លេចចេញ​ជា​រូបរាង​ហើយ​នៅ​ឆ្នាំ​២០១៦ ខាងមុខ​»​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​ធំ​បំផុត​នៅពេលនេះ គឺ​គណបក្ស​កំពុង​រង់ចាំ ការអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការ​ផ្ទេរ​កម្ម​សិទ្ធ​ដី និង​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត៌មាន ក្នុងការ​ដំឡើង​បង្គោល​ស្ថានីយ​»​។​

​លោក យឹម សុ​វណ្ណដ បន្ថែមថា បើទោះបីជា​ទូរទស្សន៍​នេះ មិនទាន់​កើតចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ពិតមែន តែ​ជំហរ​និង​គោលការណ៍​នៃ​ការផ្សព្វផ្សាយ គឺ​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល ពោលគឺ​មិន​បម្រើ​តែ​ប្រយោជន៍​បក្ស​តែ​ម្យ៉ាង​នោះទេ​។

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​ថវិកា​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​ដើម្បី​ទ្រទ្រង់​ការបង្កើត​ស្ថានីយទូរទស្សន៍​ដែល​គាំទ្រ​នយោបាយ​គណបក្សប្រឆាំង​លើកទីមួយ​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ គណបក្ស​ប្រមូល​ថវិកា​បាន​ប្រមាណ​ជា​៨០​ម៉ឺន​ដុល្លារ​ហើយ​។​

​តាម​គម្រោង គណបក្ស​ត្រូវការ​ថវិកា​ប្រមាណ​ជា ១,៥​លាន​ដុល្លារ ទៅ​៣​លាន​ដុល្លារ ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​៕