ពលរដ្ឋ​ខេត្ត​បាត់ដំបង​បារម្ភ​បាត់​បង់​ព្រៃ​សហគមន៍​ដោយសារ​ការ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ

ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ព្រួយ​បារម្ភ​បញ្ហា​ការ​ទន្ទ្រាន​ព្រៃ​សហគមន៍​ពី​សំណាក់​អ្នក​មាន​ទ្រព្យ​ធន។ ពលរដ្ឋ​បញ្ជាក់​ថា ការ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ កើត​ឡើង​បន្តបន្ទាប់។ ចំណែក​ឯ​អាជ្ញាធរ ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​បាណន់ បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​បាន​ដាក់​វិធានការ​ចុះ​ទប់ស្កាត់​លើ​ការងារ​នេះ​ជា​ប្រចាំ។

អ្នក​ភូមិ​នៅ​ស្រុក​បាណន់ អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ ដាក់​វិធានការ​ទប់ស្កាត់ និង​ការពារ​ព្រៃ​ឈើ​ក្នុង​សហគមន៍​រស់នៅ​របស់​ពួក​គាត់​ជា​បន្ទាន់ ដើម្បី​រក្សា​ព្រៃ​ឈើ​ទុក​ប្រើប្រាស់​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ។

តំណាង​ពលរដ្ឋ លោក ឃឿន ខាន់ រស់នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា ការ​កាប់​ព្រៃ​ឈើ​សហគមន៍​នៅ​ចំណុច​ភូមិ​តាង៉ែន ឃុំ​តាគ្រាម ដោយ​មាន​ការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​មាន​លុយ​មាន​កាក់ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​កើត​ឡើង​ច្រើន។ លោក​អះអាង​ថា កន្លង​ទៅ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទប់ស្កាត់​ខ្លះ​ដែរ ប៉ុន្តែ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «កន្លង​មក អាជ្ញាធរ​ហាម​ឃាត់​តែ​ប្រជាពលរដ្ឋ​ទេ ចំណែក​ឯ​អ្នក​មាន​លុយ​មាន​កាក់​វិញ ធ្វើ​បាន​ដោយ​សេរី»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ស្រុក​រតនៈមណ្ឌល និង​ស្រុក​បាណន់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​តាគ្រាម នោះ កន្លង​ទៅ​ពិត​ជា​មាន​ប្រជាពលរដ្ឋ​កាប់​រាន​ដី​ព្រៃ​ខ្លះ​មែន ប៉ុន្តែ​ការ​កាប់​នោះ​ធ្វើ​ឡើង​ជា​លក្ខណៈ​តូចតាច​ទេ ហើយ​ថា លោក​តែង​ដឹក​នាំ​សមត្ថកិច្ច​ព្រៃ​ឈើ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃ​សហគមន៍​នោះ​ជា​ប្រចាំ៖ «ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង បទល្មើស​មិន​ដែល​បង្ក្រាប​ម្ដង​អស់ ឬ​ពន្យល់​គាត់​បាន​យល់​ភ្លាមៗ​នោះ​ទេ។ យើង​ត្រូវ​ធ្វើ​បន្តិច​ម្ដងៗ យូរ​ទៅ​គាត់​យល់​ហើយ»

ទោះ​យ៉ាង​នេះ​ក្ដី ជំទប់​ទី​ពីរ​ឃុំ​តាគ្រាម មក​ពី​គណបក្ស សម រង្ស៊ី លោក ហន ឈោយ មាន​ប្រសាសន៍​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​តាគ្រាម នោះ ប្រសិន​សមត្ថកិច្ច​ជំនាញ​មិន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ នឹង​ហិនហោច​អស់​ក្នុង​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​ឃុំ​តាគ្រាម គាត់​មិន​ទប់ស្កាត់​ទេ កន្លង​ទៅ​គាត់​តែង​ធ្វើ​មិន​ដឹង​មិន​ឮ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ព្រៃ​សហគមន៍​ក្នុង​ខេត្ត​បាត់ដំបង ភាគ​ច្រើន​កើត​ឡើង​ដោយសារ​អាជ្ញាធរ​មាន​អំណាច​ក្នុង​មូលដ្ឋាន និង​អ្នក​មាន​ទ្រព្យ​ធន ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ច្រើន​ជាង​ប្រជាពលរដ្ឋ​ក្រីក្រ៖ «អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ គឺ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហើយ ពីព្រោះ​រដ្ឋាភិបាល​បាន​បង្កើត​មាន​ច្បាប់​ព្រៃ​ឈើ​នេះ​ឡើង ដើម្បី​ទប់ស្កាត់»

សហគមន៍​ព្រៃ​ឈើ​ឃុំ​តាគ្រាម មាន​ផ្ទៃ​ដី​សរុប​ជាង ១.៤០០​ហិកតារ គ្រប​ដណ្ដប់​លើ​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ប្រជាពលរដ្ឋ​អះអាង​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​នេះ​ប្រមាណ ៥០​ហិកតារ ដែល​ភាគ​ច្រើន​ឈើ​ស្រស់​មាន ជាអាទិ៍ ដើម​ផ្ចឹក និង​ឈើ​រាំង ជាដើម ត្រូវ​គេ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។