រុស្ស៊ី​និង​ឥណ្ឌា ត្រៀម​ជួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជំនួស​លោកខាងលិច​

​បញ្ហា​ភេរវកម្ម​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​សម្រាប់​កិច្ចពិភាក្សា​រវាង នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា​ម៉ូ​ឌី ជាមួយ​ប្រធានាធិបតី​រុស្ស៊ី  វ្ល៉ា​ឌី​មៀ ពូ​ទីន ។ មេដឹកនាំ​ឥណ្ឌា​សង្ឃឹមថា  ខ្លួន​នឹង​រៀនសូត្រ​បាន​ច្រើន​ពី​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម ព្រោះ​រុស្ស៊ី​មានបទពិសោធន៍​ដោះស្រាយ​បញ្ហា​ក្នុងស្រុក ហើយ​កំពុង​លូកដៃ​ក្នុង​បញ្ហា​នៅ​ស៊ី​រី ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ផង ។ ក្រៅពី​បញ្ហា​នេះដែរ គេ​ឃើញថា ឥណ្ឌា​និង​រុស្ស៊ី មាន​យុទ្ធសាស្ត្រ​ប្រហាក់ប្រហែលគ្នា​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​អសន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រោយ​ពេលដែល​រដ្ឋ​អាស៊ី​កណ្តាល​មួយ​នេះ​ត្រូវ​លោកខាងលិច​ព្យាយាម​ដោះដៃ​ចោល​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី អញ្ជើញ​មកដល់​រដ្ឋធានី​ម៉ូស្គូ នៅ​ថ្ងៃ ២៣ ខែធ្នូ​ម្សិលមិញ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នេះ​។ រុស្ស៊ី​បានរៀបចំ​ស្វាគមន៍​ប្រមុខ​រដ្ឋាភិបាល​មហាអំណាច​ប្រជាធិបតេយ្យ​ឥណ្ឌា​នេះ យ៉ាង​កក់ក្តៅ​បំផុត ដោយ​ក្រាល​កម្រាលព្រំ​ក្រហមឆ្អៅ​ផង ប​ញ្ចូ​ន​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ច្រើន​រូប​ទៅ​ទទួល​ផង​។ ទស្សនកិច្ច​ផ្លូវការ​នេះ បង្ហាញ​កាន់តែច្បាស់​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ ក្នុង​អាណត្តិ​មេដឹកនាំ​ឥណ្ឌា​ថ្មី​។ ឥណ្ឌា និង​រុស្ស៊ី នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​រួមគ្នា​ច្រើន ក្នុង​កិច្ច ប្រជុំ​កំពូល​ឥណ្ឌា និង​រុស្ស៊ី និង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ឥណ្ឌា​និង​ប្រមុខរដ្ឋ​រុស្ស៊ី​។  

​ដូច​បាន​រៀបរាប់​កន្លងមក​រួច​ហើយ  បំណង​សំខាន់​របស់​នាយ​រដ្ឋមន្ត្រី​ឥណ្ឌា​មកកាន់​ប្រទេស​រុស្ស៊ី​គឺពាក់ព័ន្ធ​និង​យុទ្ធសាស្ត្រ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការពារជាតិ​ទ្វេភាគី និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង ប្រទេស​ទាំងពីរ​។ កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​ដែលមាន​ទំហំ​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​មេដឹកនាំ​ឥណ្ឌា និង​រុស្ស៊ី​ចុះ​រួមគ្នា ហើយ​កិច្ចព្រមព្រៀង​សំដៅ​ដល់​ការពង្រឹង​ការសហការ​លើ​វិស័យ​ថាមពល និង ការផលិត​អាវុធ​រួមគ្នា​នោះ​ក៏​នឹងត្រូវ​សម្រេច​ចេញ​ជា​ផ្លូវការ​នៅក្នុងពេល​នេះដែរ​។

​ស្រប​ជាមួយគ្នានេះ លោក ម៉ូ​ឌី ក៏​សង្ឃឹមថា រដ្ឋាភិបាល​លោក​នឹង​អាច​រៀនសូត្រ​បាន​ច្រើន​ពី​មហាអំណាច​រុស្ស៊ី ទាក់ទិន​បញ្ហាសំខាន់ៗ​មួយចំនួនទៀត​ជាពិសេស វិធានការ​ប្រឆាំង​ភេរវកម្ម ហើយ​លោក ម៉ូ​ឌី ឆ្លៀត​លើកយក​អសន្តិសុខ​នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​ទៅជា​ជែក​ជាមួយ​លោក ពូ​ទីន ដែរ​។ ឥណ្ឌា​រំពឹង​បែបនេះ ក៏​ព្រោះថា រុស្ស៊ី​អាច​ដោះស្រាយ​ចលនា​ជ្រុលនិយម​ក្នុងស្រុក​ហើយ​បច្ចុប្បន្ននេះ​ក៏​ចូលរួម​ដោះស្រាយ​បញ្ហា​ភេរវជន​អន្តរជាតិ​ដោយ​អន្តរាគមន៍​នៅ​ស៊ី​រី​។

ឥណ្ឌា និង​រុស្ស៊ី​ត្រៀមខ្លួន​ជួយ​ស្រោចស្រង់​អា​ហ្វ​ហ្កា​នី​ស្ថាន​?

​ត្រលប់​មកវិញ​មូលហេតុ​ដែល​យើង​អាច​កំណត់ថា សំណុំរឿង​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​មេដឹកនាំ​ទាំងពីរ​ចង់​ជជែក​គ្នា ក៏ដោយ​សារ​ថា​ដរាបណា​បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​មិនអាច​បញ្ចប់​បាន សន្តិសុខ​រុស្ស៊ី​និង​ឥណ្ឌា​ក៏​ពិបាក​រក្សា​ដូចគ្នា​ដែរ​។ បញ្ហា​សន្តិសុខ​អាស៊ី​កណ្តាល ពិតណាស់​ជា​បញ្ហា​សន្តិសុខ​របស់​រុស្ស៊ី​និង​ឥណ្ឌា ហើយ​ក្នុងនាម​ជា​មហាអំណាច​តំបន់​ឥណ្ឌា​ចង់​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផង​។

​បើតាម​ក្រសួងការបរទេស​ឥណ្ឌា ក្រោយ​ចេញពី​រុស្ស៊ី នាយករដ្ឋមន្ត្រី​រូបនេះ​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក ប្រធានាធិបតី Ashraf Ghani ជុំវិញ​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ដូចគ្នា​។​

​តាមពិតទៅ​បណ្តា​មហាអំណាច​ទាំងពីរ​ព្រួយបារម្ភ​កាន់តែខ្លាំង​ក្រោយពេល​លោកខាងលិច​នាំគ្នា​បោះបង់​អា​ហ្វ​ហ្កា​នី​ស្ថាន បន្តិច​ម្តងៗ​។ ទ័ព​បក្សសម្ព័ន្ធ​ណា​តូ​នាំគ្នា​ដកចេញ​ហើយ នៅសល់តែ​កងទ័ព​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​បន្ត​ចាំ​បង្វឹក​ទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​ទម្រាំ​ដល់​ចុងឆ្នាំ ២០១៦ ប៉ុណ្ណោះ​។ បើ​ត្រលប់​ទៅ​មើល​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ក្រុម​តា​លី​បង់​និង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​នោះ​ក៏​មិនទាន់មាន​ដូចគ្នា​។

​កន្លងមក​នាយ​រដ្ឋមន្ត្រី​ឥណ្ឌា ប្រកាសថា ឥណ្ឌា​មិន​ប្រឡូក​ក្នុង​យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ឡើយ ប៉ុន្តែ​កម្ចាត់​ភេរវជន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជា​រឿង​ចៀស​មិន​រួច​។   ឥណ្ឌា​កំពុងមាន​បញ្ហា​សន្តិសុខ​ច្រើន ទាំង​ក្នុងស្រុក​និង​តាម​បន្ទាត់​ព្រំដែន​។ ក្នុងប្រទេស​នេះ គេ​ឃើញ​មាន​ក្រុម​ម៉ូ​ចា​ហ៊ី​ឌី​ន (Mujahedeen) ដែល​លួច​វាយឆ្មក់​ទាហាន​រដ្ឋា​ភិ​បាល​ម្តងម្កាល ហើយ​ចលនា​ក្រុម​ភេរវជន​នៅតាម​បណ្តោយ​ព្រំដែន​ឥណ្ឌា និង​អា​ហ្វ​ហ្កា​នី​ស្ថាន ក៏​កើនឡើង​ខ្លាំង​ថែមទៀត​។ ដូច​ឃើញស្រាប់​មួយថ្ងៃ​មុន​លោក ម៉ូ​ឌី ឡើងកាន់តំណែង ក្រុម​តា​លី​បង់ វាយប្រហារ​ទាហាន​ឥណ្ឌា​នៅ Herat ។ មកទល់ពេលនេះ​ទៀត ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ បាន​ពង្រីក​បណ្តាញ​រប​ស់​ខ្លួន​មកដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀត ដែល​នេះ​ជា​សារ​មួយ​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ដែ​លី​មិនអាច​បណ្តែតបណ្តោយ​បាន​ទៀត​ទេ​។  ទាំង​រុស្ស៊ី និង​ឥណ្ឌា​បាន​ជួយ​គាំទ្រ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ ដោយ​ភាគី​ទាំងពីរ​ប្រកាស​ផ្តល់ជំនួយ​បច្ចេកទេស និង យោធា ជាពិសេស​សព្វាវុធ​ផងដែរ​៕