១៣២ នាក់ស្លាប់ និង របួស ដោយសារភ្លើងឆេះ មន្ទីរពេទ្យ នៅ អារ៉ាប៊ី សាអូឌីត

រីយ៉ាដ៖ យ៉ាងហោចណាស់មនុស្ស ២៥នាក់ស្លាប់ និង ១០៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី អគ្គីភ័យ បានឆាបឆេះ មន្ទីរពេទ្យ មួយស្ថិតនៅភាគខាងត្បូង ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០១៥ នេះ។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។

ដោយឡែកព័ត៌មានក្នុងស្រុកផ្សេងទៀត បានចេញផ្សាយមុននេះបន្តិចថា អគ្គីភ័យនោះ បាន ឆក់យកជីវិតមនុស្ស ៣០ នាក់ និង រងរបួស ២៥ នាក់។ ដោយឡែកសម្រាប់ គ្រោះមហន្តរាយ ជារួម ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ ដោយក្រុមពន្លត់អគ្គីភ័យ បានបំពេញការងារយ៉ាងល្អ នៅឡើយតែការស៊ើបអង្កេតរកមូលហេតុ កើតរឿងនេះ កំពុងធ្វើឡើងប៉ុណ្ណោះ។

អគ្គីភ័យ ត្រូវបានមន្ត្រីសង្គ្រោះ អះអាងថា បានកើតឡើងនៅឯអគារ សម្រាប់គាំពារ ស្ត្រី និង កុមារ ដែលភាគច្រើនអ្នកស្លាប់ និង របួស ក៏ទំនងជាស្ត្រី និង កុមារផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យខាងលើនេះ មានឈ្មោះថា ពេទ្យ ចាហ្សាន ជាពេទ្យធំមួយក្នុងតំបន់។ សម្រាប់មនុស្សស្លាប់ និង របួសទាំងអស់ ភាគច្រើនជាអ្នកជំងឺ និង បុគ្គលិកពេទ្យ ដែល ព្យាយាមគេចចេញពីមន្ទីរពេទ្យទាំងកម្រោល ពេលអគ្គីភ័យ ផ្ទុះឡើង។ អ្នករងរបួស ទំាងឡាយ ត្រូវបានក្រុមសង្គ្រោះ បញ្ជូនទៅកាន់ពេទ្យ ឯកជនជាច្រើនក្នុងតំបន់នោះ៕

១៣២ នាក់ស្លាប់ និង របួស ដោយសារភ្លើងឆេះ មន្ទីរពេទ្យ នៅ អារ៉ាប៊ី សាអូឌីត