សាលា​ក្ដី​ខ្មែរ​ក្រហម​បដិសេធ​សំណើ​សុំ​កោះ​ហៅ​លោក ហ៊ុន សែន ធ្វើ​ជា​សាក្សី

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក និល ណុន បាន​សម្រេច​សង្ខេប​មួយ បដិសេធ​ចោល​សំណើ​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ធ្វើ​ជា​សាក្សី ក្នុង​សំណុំ​រឿង​០០២ វគ្គ​០២ ដែល​ធ្វើ​ដោយ​ជន​ជាប់​ចោទ លោក នួន ជា។

សេចក្ដី​សម្រេច​របស់ លោក និល ណុន ដែល​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បញ្ជាក់​ថា ជន​ជាប់​ចោទ នួន ជា បាន​ស្នើសុំ​ឲ្យ​ពន្លឿន​កោះ​ហៅ​សាក្សី​ពីរ​រូប និង​កោះ​ហៅ​សាក្សី​បន្ថែម​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ដំណើរ​ការ​នីតិវិធី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​០២ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម។

ក្នុង​សំណើ​នោះ​បញ្ជាក់​ថា សាក្សី​បន្ថែម​នោះ រួម​មាន លោក ហ៊ុន សែន ឈ្មោះ សូ សីម៉ិច និង​ឈ្មោះ កា ដេវ។

សេចក្ដី​សម្រេច​ដដែល​នោះ​បង្ហាញ​ថា សហ​ព្រះរាជអាជ្ញា​ជាតិ​ក៏​ជំទាស់​ទៅ​នឹង​ការ​កោះ​ហៅ​សាក្សី លោក ហ៊ុន សែន ដែរ។ ផ្ទុយ​ទៅ​វិញ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ មិន​បាន​ជំទាស់​ទៅ​នឹង​ការ​កោះ​ហៅ​សាក្សី​ទាំង​នេះ​ទេ។

ចៅក្រម និល ណុន បញ្ជាក់​ថា ករណី​នេះ សាលា​ដំបូង​នឹង​ចេញ​សេចក្ដី​សម្រេច​ដែល​មាន​សំអាង​ហេតុ​ពេញលេញ នឹង​ចេញ​នៅ​ពេល​សមស្រប​ខាង​មុខ។

សំណុំ​រឿង​០០២ វគ្គ​០២ មាន​ជន​ជាប់​ចោទ​ដែល​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ចំនួន ២​នាក់ គឺ​លោក នួន ជា និង​លោក ខៀវ សំផន។ សំណុំ​រឿង​នេះ ផ្ដោត​ទៅ​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍ ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។