ប្រទេស​ឥស្លាម ផ្តើម​យុទ្ធនា​ការប្រឆាំង​ពី​ធី​បុណ្យ Christmas និង​ចូលឆ្នាំ​សកល

​រដ្ឋាភិបាល​ប្រទេស​ឥស្លាម​មួយចំនួន បានចាប់ផ្តើម​ចេញ​ការព្រមាន​ដោយ​នឹង​ចាត់​វិធាន​ក្តៅ​ចំពោះ ប្រជាជន​ខ្លួន​ណាមួយ​ដែល​ហ៊ាន​ប្រារព្ធ​ពិធីបុណ្យ Christmas ដែលជា​ពិធីបុណ្យ​សាសនា​គ្រឹ​ស្ត និង​ភាគច្រើន​ត្រូវបាន​ប្រារព្ធ​នៅ​ប្រទេស​ប​ញ្ចឹ​ម​លោក​។ ចំណាត់ការ​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​ធានា​សន្តិសុខ វប្បធម៌ និង ភាព​បរិសុទ្ធ​របស់​សាសនា​ឥស្លាម​។​

​ខណៈ​ថ្ងៃបុណ្យ Christmas កំពុងតែ​មកដល់ រដ្ឋាភិបាល​ព្រុយ​ណេ សូ​ម៉ាលី និង​តា​ហ្ស៊ី​គី​ស្ថាន ដែលមាន​ប្រជាជន​ភាគច្រើន​ប្រកាន់​សាសនា​ឥស្លាម បានចេញ​ការព្រមាន និង​ត្រៀម​ចាត់​វិធាន​ក្តៅ​ចំពោះ​ប្រជាជន​ខ្លួន​ដែល​ហ៊ាន​បំពាន​ទៅនឹង​បំរាម​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​។

​ក្រសួង​អប់រំ​តា​ហ្ស៊ី​គី​ស្ថាន បានចេញ​ក្រឹត្យ​មួយ ដើម្បី​ហាម​ប្រជាជន សិស្ស​និស្សិត​មិន​ឲ្យ​ប្រើប្រាស់ កាំជ្រួច ការផ្លាស់ប្តូរ​វត្ថុ​អនុស្សាវរីយ៍ និង​ការដាក់​ដើមឈើ​Christmas នៅតាម​សាលា ឬ​សកលវិទ្យា ល័យ​នានា​។  ជាមួយគ្នានេះ ប្រជាជន ក៏​មិនត្រូវ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​ផងដែរ​។​

​ឯ​រដ្ឋ​តំបន់​អាហ្វ្រិក សូ​ម៉ាលី​វិញ មិន​ត្រឹមតែ​ចេញ​បំរាម​ក្នុង​ការហាម​ប៉ុណ្ណោះ​នោះទេ តែ​បាន​ថែមទាំង ព្រមាន​ចាត់វិធានការ​ក្តៅ​ចំពោះ​ប្រជាជន​គ្រប់រូប​ដែល​ហ៊ាន​ប្រារព្ធ​ពិធីបុណ្យ Christmas និង​បុណ្យ​ចូល ឆ្នាំ​សកល​។ លោក Mohamed Khayrow ប្រធាន​អគ្គនាយកដ្ឋាន​ទូទៅ​នៃ​កិច្ចការ​សាសនា​សូ​ម៉ាលី  បាន​អះ អាង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ Christmas និង​ចូលឆ្នាំ​សកល គឺ​ផ្ទុយទៅនឹង​វប្ប​ធ៌​ម​ដែលជា​ការគំរាមកំហែង និង​បំផ្លាញ​ភាព​បរិសុទ្ធ​នៃ​សាសនា​ឥស្លាម​។ ជាពិសេស​នោះ ការ​ប្រារព្ធ​ពិធីបុណ្យ Christmas នឹងធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ជ្រុលនិយម Al-Shabaab ឆ្លៀតឱកាស ក្នុងការ​វាយប្រហារ​ផងដែរ​។ លោក បាន​សង្កត់ធ្ងន់ថា រាល់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ពិធី​ទាំងនោះ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ កើតមាន​នោះទេ ហើយ អាជ្ញាធរ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុងការ​បង្ក្រាប​រាល់​អ្នក​ដែល​បំពាន នឹង​បំរាម​នេះ​។

​អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ ព្រុយ​ណេ ប្រទេស​កាន់សាសនា​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍ បានប្រកាស​ហាមឃាត់​ការធ្វើ​បុណ្យ​នេះ ដោយសារ​មើលឃើញថា មិន​សមស្រប​នឹង​គោលការណ៍​របស់​ឥស្លាម ហើយ​ជន​ណា​ដែល​ប្រារព្ធ​ពិធីបុណ្យ​នេះ នឹងត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល​៥​ឆ្នាំ​ផងដែរ​៕