ក្នុង​ថ្ងៃបុណ្យ​Christmas អាមេរិក​ប្រើ​អគ្គិសនី​ស្មើ​អគ្គិសនី​អេ​ត្យូ​ពី​ប្រើ​១​ឆ្នាំ​

​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​មួយក្រុម​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​១៨​ធ្នូ​កន្លងទៅ​ថា សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​តុបតែង​លម្អ​បុណ្យ Christmas យ៉ាង​សន្ធឹកសន្ធាប់ រហូត​មាន​បរិមាណ​ស្មើ​អគ្គិសនី​ដែល​ប្រទេស​អេ​ត្យូ​ពី​ប្រើ​ដល់​ទៅ​១​ឆ្នាំ​។

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូទៅ សម្រាប់​បុណ្យប្រពៃណី​មួយ​នេះ អាមេរិក​ប្រើ​ភ្លើង​ប្រមាណ​៦,៦៣​ពាន់​លាន​គីឡូវ៉ាត់ ក្នុង​មួយ​ម៉ោង ខណៈ​អេ​ត្យូ​ពី​ប្រើ​ត្រឹមតែ​៥,៣០​ពាន់​លាន​គីឡូវ៉ាត់​ប៉ុណ្ណោះ សម្រាប់​រយៈពេល​ដល់​ទៅមួយ​ឆ្នាំ​។ ប្រទេស​សាល់​វ៉ា​ឌ័​រ​ក៏​ប្រើ​ភ្លើង​ក្នុង​បរិមាណ​ប្រហែល​អេ​ត្យូ​ពី​ដែរ គឺ​៥,៣៥​ពាន់​លាន​គីឡូវ៉ាត់​ក្នុង​មួយឆ្នាំ​។ តង់​ហ្សា​នី​ឯណោះ​វិញ គឺ​ប្រើ​ភ្លើង​រឹតតែ​ទាប​ជាងនេះទៀត គឺ​ត្រឹមតែ​៤,៨១​ពាន់​លាន​គីឡូវ៉ាត់​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ​។

​ដោយឡែក ថាមពល​អគ្គិសនី​ជាង​៦​ពាន់​លាន​គីឡូវ៉ាត់ ក្នុង​មួយ​ម៉ោង ដែល​អាមេរិក​ប្រើ​សម្រាប់តែ​ថ្ងៃបុណ្យ Christmas នេះ​ទៀតសោត គឺមាន​បរិមាណ​ត្រឹមតែ​០,២​ភាគរយ​នៃ​បរិមាណ​អគ្គិសនី​ដែល​អាមេរិក​ប្រើប្រាស់​ប្រចាំឆ្នាំ​តែប៉ុណ្ណោះ​៕