សមាជិក​រដ្ឋសភា​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះ​​មហាក្សត្រ

សមាជិក​សភា​ទាំង​១២៣​រូប នៃ​នីតិកាលទី៥ រួមទាំង​លោក សម រង្ស៊ី ដែល​សព្វ​ថ្ងៃ​ជា​ទណ្ឌិត​ផង​នោះ ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រទាន​គ្រឿង​ឥស្សរិយយស នា​រសៀល​ថ្ងៃទី២៤ ខែ​ធ្នូ នៅ​មន្ទីរ​រដ្ឋសភា។

ប៉ុន្តែ​ប្រមុខ​ដឹកនាំ​គណបក្ស​ទាំងពីរ ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា រួមមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស ខេង លោក សុខ អាន នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត មិន​បាន​មក​ទទួល​ទេ។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ប៉ុល ហំម ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក កឹម សុខា មិន​បាន​ចូលរួម​នៅ​ពេល​នេះ ព្រោះ​លោក កឹម សុខា ឈឺធ្មេញ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ធុរៈ​ទើប​មិន​អាច​មក​ចូលរួម​បាន។

ទាក់ទង​នឹង​ការ​ផ្ដល់​គ្រឿង​ឥស្សរិយយស ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​ប្រឆាំង ដែល​កំពុង​ជាប់​ទោស មាន​ឈ្មោះ​ជា​ទណ្ឌិត​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋសភា នៃ​គណបក្ស​សំឡេង​ភាគ​ច្រើន និង​ជា​សមាជិក​ក្រុម​ស្នើ​សុំ​គ្រឿង​ឥស្សរិយយស លោក ឈាង វុន ពន្យល់​ថា បើ​ទោះ​ជា​លោក សម រង្ស៊ី ជាប់​ទោស​នៅ​តុលាការ ក៏​មាន​សិទ្ធិ​ទទួល​គ្រឿង​ឥស្សរិយយស​នេះ​ដែរ៖ «សូម្បី​គាត់ (លោក សម រង្ស៊ី) ក្លាយ​ជា​ទណ្ឌិត​ហើយ​ក៏​ដោយ អ្វី​ដែលគាត់​មាន​ពី​មុន​មក​ត្រូវ​ទុក​ឲ្យ​គាត់»

ការ​ប្រគល់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក​រដ្ឋសភា ត្រូវ​ធ្វើ​ឡើង​២​ដង ក្នុង​មួយ​អាណត្តិ ហើយ​ការ​​ប្រគល់​លើក​ទី១​នេះ ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​អនុប្រធាន​ទី​២​រដ្ឋសភា លោក ងួន ញ៉ិល។

ទាំង​ប្រមុខ​គណបក្ស​កាន់អំណាច និង​ប្រមុខគណបក្ស​ប្រឆាំង ទទួល​បាន​គ្រឿង​ឥស្សរិយយស ជាតូបការ​ដូចៗ​គ្នា ខណៈ​គ្រឿងឥស្សរិយយស​ដែល​ផ្ដល់​នោះ មាន​ប្រាំបី​ភេទ​ផ្សេងៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។