ស.រ.អា.​កំពុង​ពិចារណា​ផែនការ​​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

ស.រ.អា.​កំពុង​ពិចារណា​ផែនការ​​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

ភ្នាក់ងារ​អនុវត្ត​ច្បាប់​ គយ និង​អន្តោប្រវេសន៍​នាំ​ជន​អន្តោប្រវេសន៍​ដែល​មិន​មាន​ឯកសារ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ។ បុគ្គល​រូប​នោះ​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​នា​ពេល​ព្រឹក​មួយ​នៅ​ក្នុង​ក្រុង Dallas។

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​អាច​ចាប់ផ្តើម​បញ្ជូន​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​ទៅ​ស្រុកកំណើត​វិញ​ត្រឹម​ដើម​ខែ​មករា​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌​មាន​មួយ។

កាសែត Washington Post បាន​រាយការណ៍​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ឆ្មក់​ជា​បន្តបន្ទាប់​ ដោយ​តម្រង់​គោលដៅ​ទៅ​រក​គ្រួសារ​ប្រជាជន​ដែល​បាន​ចូល​មក​ក្នុង​ទឹកដី​អាមេរិក​ដោយ​ខុស​ច្បាប់​ចាប់តាំង​ពី​ដើម​ឆ្នាំ​មុន​មក។

កាសែត​ដដែល​នេះ​ដែល​បាន​ស្រង់​សម្តី​ពី​ប្រភពដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ថា យុទ្ធនាការ​ទូទាំង​ប្រទេស​ របស់​មន្ត្រី​អនុវត្ត​ច្បាប់​ គយ​ និង​អន្តោប្រវេសន៍​អាមេរិក​អាច​ចាប់​ផ្តើម​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៦។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នោះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​ទ្រង់ទ្រាយ​ធំ​ដំបូង​បង្អស់​ដើម្បី​បញ្ជូន​មនុស្ស​ជាង​១០ម៉ឺន​គ្រួសារ​ចេញ​ពី​សហរដ្ឋ​អាមេរិក​វិញ។

ក្រុម​គ្រួសារ​ទាំង​នោះ​បាន​ចូល​មក​ក្នុង​ប្រទេស​នេះ តាម​ព្រំដែន​ភាគ​ខាង​ត្បូង​ តាំង​ពី​ឆ្នាំ​មុន។ គ្រួសារ​ជា​ច្រើន​ក្នុង​ចំណោម​គ្រួសារ​ទាំង​អស់​នេះ​បាន​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ទ្វីប​អាមេរិក​កណ្តាល។

​របាយការណ៍​ដដែល​បាន​និយាយថា គ្រោះ​ទុរ្ភិក្ស​នៅ​ក្នុង​តំបន់​នោះ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ចំណាក​ស្រុក​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ៕