អ្នកស្លាប់ កើនឡើងដល់ ២៦នាក់ ក្នុងហេតុការណ៍ លិចនាវានៅឥណ្ឌូនេស៊ី

ចាកាតា៖ សាកសពចំនួន បីនាក់បន្ថែមទៀត ត្រូវបានគេស្រង់ចេញពី សមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហេតុការណ៍លិចនាវា នៅក្បែរកោះ Sulawesi ប្រទេស ឥណ្ឌូនេស៊ី នាចុងសប្តាហ៍នេះ នាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ២៦នាក់ ខណៈដែលមនុស្ស ៥១នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ នេះបើយោងតាមការលើកឡើងរបស់ មន្ត្រីឥណ្ឌូនេស៊ី ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Alamsyah មន្ត្រីគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់ បានលើកឡើងថា «នាព្រឹកថ្ងៃព្រហស្បតិ៍នេះ យើងបានទទួលដំណឹងថា អ្នកនេសាទក្នុងស្រុកបានរកឃើញសាកសពបីនាក់បន្ថែមទៀត នៅក្នុងដែនទឹកក្បែរភូមិ Lawata ក្នុងតំបន់ភាគអាគ្នេយ៍នៃកោះ Sulawesi» ។

សូមជម្រាបថា រហូតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៥១នាក់ផ្សេងទៀត ដែលបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវាដឹកអ្នកដំណើរ Marina Baru បានលិចនៅចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីកំពង់ផែ Siwa កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ៕

អ្នកស្លាប់ កើនឡើងដល់ ២៦នាក់ ក្នុងហេតុការណ៍ លិចនាវានៅឥណ្ឌូនេស៊ី