សហរដ្ឋអាមេរិក ៖ ប្រពន្ធ​ម្នាក់​ត្រូវ​ចាប់ខ្លួន ដោយសារ​វ៉ៃ​ប្តី​រឿង​ផោម​

​នៅ​រដ្ឋ​ហ្លូ​រី​ដា សហរដ្ឋអាមេរិក ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី ១១ ខែធ្នូ​កន្លងទៅនេះ ពីបទ​ប្រើប្រាស់​អំពើហិង្សា​ដាក់​ស្វាមី​។ មូលហេតុ​សំខាន់​នៃ​រឿងនេះ គ្មានអ្វី​ក្រៅតែពី​រឿង​ផោម​ទេ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ DH.be ។​

​បើតាម​គេហទំព័រ​នេះ អ្នកស្រី Dawn Meikke អាយុ ៥៥ ឆ្នាំ ខឹងសម្បារ​នឹង​ស្វាមី​យ៉ាងខ្លាំង បន្ទាប់ពី​ស្វាមី​របស់គាត់​បន្ធូរ​ខ្យល់​ក្នុង​ពោះ​ជាច្រើនលើក​ច្រើនសា​នៅលើ​គ្រែ​ដំណេក​។ គាត់​បាន​យក​កែងដៃ​អុក និង​ធាក់​ប្តី​ជា​ច្រើនដង ឲ្យ​ក្រោក​ចេញ​ពីលើ​គ្រែ​។ ដោយ​ទ្រាំ​មិនបាន ស្វាមី​ក៏​ក្រោក​ចេញ តែ​នៅ​ពេលយប់​ជ្រៅ គាត់​ត្រឡប់មក​សម្រាន្ត​លើ​គ្រែ​ជាមួយ​ប្រពន្ធ​សាជាថ្មី ហើយក៏​បន្ត​ផោម​ដាក់​ប្រពន្ធ​ទៀត​។

អ្នកស្រី Dawn ដែល​កំពុងតែ​លក់​ស្រួល ខឹង​នឹង​ក្លិន​ផោម​របស់​ប្តី ក៏​ស្ទុះ​ក្រោក​មក​ក្រ​ញ៉ៅ​ប្តី រួច​ទាញ​អាវ និង​យក​ស្ព្រ៉ា​យ​សម្រាប់​បាញ់​ការពារ​ខ្លួន មក​បាញ់​ដាក់​ភ្នែក​ប្តី​រហូត​អស់​មួយ​ដប​។ ស្វាមី​ទ្រាំ​មិនបាន​ក៏​ការពារ​ខ្លួន ដោយ​ដាល់​ប្រពន្ធ​ចំ​មុខ​មួយ​ដៃ​។ អ្នកស្រី Dawn ហៅ​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលិស​ជាបន្ទាន់​។​

​ផ្ទុយទៅវិញ ពេល​ប៉ូលិស​មកដល់ ប៉ូលិស​បែរជា​ចាប់ខ្លួន​អ្នកស្រី​ទៅវិញ ពីបទ​ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​៕