ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងកីឡា

ភ្នំពេញ:     ​មុននេះ ១០ ឆ្នាំ​ពាក្យ​ថា​កីឡា​មិនត្រូវ​បាន​គេ​ផ្ដល់​តម្លៃ​ឲ្យ​ឡើយ ។ អ្នកលេង​កីឡា អ្នកសិក្សា​ខាង​កីឡា គ្រូ​កីឡា​គឺ​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​កីឡា​គឺ​មិនមាន​តម្លៃ​ទេ ។​

​     ​ការប្រកួត​នានា​គ្មាន​អ្នកទស្សនា ។ ផ្នែក​ឯកជន​គេ​មិន​សប្បាយ​ចិត្តនឹង​ជួយឧបត្ថម្ភ​ដល់​កីឡា​ឡើយ​ព្រោះ​មិន​អាច ​ទាក់ទាញ​មនុស្ស​បាន​ខុសពី​សិល្បៈ​ដែល​សំដែង​ក្នុង​អគារ​ដែលមាន​ ម៉ាស៊ីនត្រជាក់​ហើយ​តួអង្គ​អ្នក​សំដែង​ជិះ​រថ​យន្ដ​ល្អៗ​មាន​អ្នក​យួរ​ សម្លៀកបំពាក់ និង យួរ​ស្បែកជើង​ឲ្យ​ដែល​មើលទៅ​ហ៊ឺហារ​អស់ទាស់ ។​

​    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ពិសេស​បន្ទាប់ពី​សាលា ​បាល់ទាត់​បាទី​ត្រូវបាន​បង្កើតឡើង​នោះ​អ្នក​គ្រប់គ្រង​កីឡា​បាន​ ផ្លាស់ប្ដូរ​គំនិត​ដោយ​មិនសូវ​ខ្វល់​ក្នុងការ​ប្រជែង​គ្នា​ដណ្ដើម​កីឡាករ​ ល្អៗ​ដែល​ចេះ​លេង​កីឡា​ដោយ​គ្មាន​គ្រូ​ច្បាស់លាស់​ដោយ​ងាក​ទៅ​បណ្ដុះបណ្ដាល​ កុមារ​ក្មេងៗ​ឲ្យ​លេង​ទៅតាម​អ្វីដែល​ថ្មី និង មាន​លក្ខណៈ​វិទ្យា​សាស្ត្រ ។​

​     ​កីឡា​ដែល​ពីមុន​មិនមាន​អ្នក​មក​ទស្សនា​នោះ​ពេលនេះ​គេ​ប្រជែង​គ្នា​ទិញ​ សំបុត្រ​ទស្សនា ប្រជែង​គ្នា​ស្វែងរក​កម្ម​វិធី​ប្រកួត ។ កីឡា​បាន​ក្លាយជា​មុខទំនិញ​ដែល​ល្អ​ហើយ​ផ្នែក​ឯកជន​បាន​សម្រុកចូល​ដើម្បី​ ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់ខ្លួន​តាមរយៈ​កីឡា ។​

​    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់មាន​ប្រសាសន៍ថា​នឹង​បង្កើន ​ចំនួន​អ្នកគាំទ្រ​កីឡាបាល់ទាត់​ឲ្យ​បាន​ច្រើន និង លើកទឹកចិត្ត​ឲ្យ​អ្នកគ្រប់គ្រង​បាល់ទាត់​ឲ្យ​បង្កើត​ទីលាន​ខ្លួនឯង​ដើម្បី​ បង្កើន​កម្រិត​បច្ចេកទេស​ក្រុម​របស់ខ្លួន ។​

​    ​ពេលនេះ​កីឡាករ​ល្អៗ​មាន​ប្រាក់ចំណូល​ខ្ពស់ គ្រូ​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បង្ហាត់ មានបទពិសោធន៍​ល្អ​មាន​អាជ្ញាប័ណ្ណ​ខ្ពស់ៗ​ក៏មាន​ប្រាក់ខែ​ខ្ពស់​ដែរ ។​នេះ​ជាការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដែល​មិនគួរ​ឲ្យ​ជឿ​មួយ​នៅក្នុង​ មជ្ឈដ្ឋាន​កីឡា​នៅ​ស្រុក​ខ្មែរ​យើង​នេះ ។​
​    ​