បាឋកថា​ស្តីពី​គម្រោង​ស្រាវជ្រាវ​ឡ​ផលិត​ភាជន៍​នៅ​តំបន់​អង្គរ​

សៀមរាប: មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​បាឋកថា​ស្តីពី “​គម្រោង​ស្រាវជ្រាវ​ឡ​ផលិត​ភាជន៍​នៅ​តំបន់​អង្គរ ដោយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​នៃ​ក្រុង​ណា​រ៉ា ប្រទេស​ជប៉ុន និង​លទ្ធផល​ដំបូងៗ​នៃ​ការស្រាវជ្រាវ​ឡ​ផលិត​ភាជន៍​ពណ៌​ត្នោត​នៅ​ស្ថានីយ​វាល​ស្វាយ​”​។​

​បាឋកថា​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៩-១១​ព្រឹក នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តា​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​លោក​បណ្ឌិត Hiroshi Sugiyama និង​ប្រែជា​ភាសា​ខ្មែរ​ដោយ​លោក សុខ​កែវ សុវណ្ណារ៉ា ជា​សមាជិក​ស្រាវជ្រាវ​សម្បត្តិ​វប្បធម៌​នៃ​ក្រុង​ណា​រ៉ា​។​

​យោងតាម​របាយការណ៍​សង្ខេបនៃ​ក្រុម​ស្រាវជ្រាវ​បញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ​ឡ​ផលិត​ភាជន៍​ពណ៌​ត្នោត​នៅ​ស្ថានីយ​វាល​ស្វាយ ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៣ ជាការ​សិក្សា​មួយ​ដែល​បែក​ចេញពី​ការសិក្សា​ស្ថានីយ​ផលិត​ភាជន៍​ពណ៌​ត្នោត​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ ដែល​ធ្លាប់បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​១៩៩៩​មក​។ តាមរយៈ​ការស្រាវជ្រាវ​ទៅលើ​បី​ដំណាក់កាល​ផ្សេងៗ​គ្នា បញ្ជាក់ថា ស្ថានីយ​វាល​ស្វាយ​ជា​ស្ថានីយ​តែមួយគត់ ដែល​ផលិត​ភាជន៍​មាន​រចនា​ជា​រូប​សត្វ​ផ្សេងៗ ក្នុងសម័យ​អង្គរ​។​

​ការសិក្សា​មុនៗ​បង្ហាញថា ឡ​ផលិត​ភាជន៍​ពណ៌​បៃតង​របស់​ខ្មែរ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ផលិត​ក្បឿង​ផងដែរ ប៉ុន្តែ នៅ​ស្ថានីយ​វាល​ស្វាយ​ពុំមាន​ស្លាកស្នាម​ដែល​បញ្ជាក់ថា បាន​ផលិត​ក្បឿង​នោះទេ​។ អ្នកស្រាវជ្រាវ​កំពុង​សិក្សា​ពិចារណា​អំពី​ទំនាក់​នៃ​ការផលិត​ភាជន៍​ពណ៌​ត្នោត និង​ការផលិត​ក្បឿង​។​

​បទ​បង្ហាញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ ស្រាវជ្រាវ និង​បន្ថែម​ចំណេះដឹង​ថ្មី​ដែល​អ្នកស្រាវជ្រាវ​ជាតិ និង អន្តរជាតិ​បាន​សិក្សា​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​គោរព​អញ្ជើញ សិស្ស និស្សិត មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកសារព័ត៌មាន និង សាធារណជន​ដែល​មានបំណង​ស្វែងយល់ ចូលរួម​ស្តាប់ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកស្រាវជ្រាវ​ក៏ដូចជា​ការទទួលយក​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​៕