ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​

ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​

សល់​តែ​ប៉ុន្មាន​ទៀត​ប៉ុណ្ណោះ​នឹង​ចូល​ឆ្នាំ​២០១៦​ហើយ​ ប្រលោមលោក​ Sabay ក៏​បាន​ត្រៀម​រឿង​ជា​ច្រើន​សម្រាប់​មិត្ត​យុវវ័យ​មិន​ឱ្យ​ចាញ់​រឿង​ក្នុង​ឆ្នាំ​ចាស់​ដែរ​។ ប៉ុន្តែ​មិត្ត​អ្នក​អាន​របស់​ Sabay មាន​ចាំ​ទេ​ថា​ ពេញ​មួយ​ឆ្នាំ​២០១៥​នេះ មាន​រឿង​ណា​ខ្លះ​ដែល​ល្បី​ និង​មាន​អ្នក​ចូល​អាន​ច្រើន​ជាង​គេ​នោះ​?

 

ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​
 
១.​ ស្រទន់​មន្ត​ស្នេហ៍​៖
ប្រលោមលោក​ស្នេហា​ខ្នាត​វែង​​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​អាន​រាប់​ម៉ឺន​នាក់​នៅ​មិន​សុខ​ មិន​អាច​ចាំ​អាន​ភាគ​បន្ត​រាល់​ថ្ងៃ​បាន ព្រោះ​តែ​ឈុត​ឆាក​ប្រទាក់​ក្រឡា​គ្នា​រក​ដក​ឃ្លា​មិន​បាន​។ ស្នេហា​យុវវ័យ​បី​គូ​ដែល​គ្រប់​គ្នា​តែង​អន្ទះសា​ចង់​ដឹង​ និង​ចរិត​ឈ្នានីស​របស់​ តូច មនោរា និង​ ដាអ៊ីណា បាន​ធ្វើ​ឱ្យ​សាច់​រឿង​មួយ​នេះ​ក្លាយ​ជា​រឿង​ល្អ​ប្រចាំ​ឆ្នាំ ដោយ​មាន​អ្នក​ចូល​អាន​ជិត​មួយ​ម៉ឺន​នាក់​ក្នុង​មួយ​ភាគៗ​។
 
នៅ​ចាំ​ឈ្មោះ​តួ​អង្គ​ប៉ុន្មាន​នាក់​ក្នុង​រឿង​នេះ?
 
 
ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​
 
២. ភ្នំពេញ​អើយ​ បង​នឹក​អូន៖
នៅ​ចាំ សៅ នីភា​ អ្នក​គ្រូ​ភាសា​ចិន និង​បង​ធំ ឯក រ៉េណា ​ដែរ​ទេ​? ការ​វិល​មក​វិញ​របស់​អ្នក​និពន្ធ ហេង ទី ក្នុង​ឆ្នាំ​២០១៥ ជាមួយ​សាច់​រឿង​២០​ភាគ​មួយ​នេះ​ក៏​អង្រួន​បេះដូង​មិត្ត​អ្នក​អាន​មិន​ចាញ់​ «ស្រទន់​មន្ត​ស្នេហ៍» ប៉ុន្មាន​ដែរ​។ ទោះ​បី​ជា​បាន​បញ្ចប់​ការ​ចេញ​ផ្សាយ​ប៉ុន្មាន​ខែ​ហើយ តែ​អ្នក​អាន​របស់​យើង​នៅ​តែ​នាំ​គ្នា​និយាយ​ពី​សាច់​រឿង​មួយ​នេះ​ជា​ហូរហែ​។ សាច់​រឿង​នេះ​ មាន​អ្នក​អាន​ដល់​ទៅ​ជាង​១ម៉ឺន​នាក់​ក្នុង​មួយ​ភាគ​។
 
 
ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​

 ៣. សំណុំ​ឯកសារ​ Z22 ៖
ដំណើរ​រឿង​បន្ត​ពី​រឿង​ «ម៉ោង​១២​អធ្រាត្រ​នៅ​សង្កាត់​លេខ​មួយ» និង​រឿង «​ស្ទូឌីយោ​លេខ​៧​» បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥​នេះ ដោយ​មាន​អ្នក​ចូល​អាន​ភាគ​ច្រើន​ជា​បុរស ព្រោះ​តែ​សាច់​រឿង​បែប​ស៊ើប​អង្កេត​ដ៏​ងងឹត​ជ្រៅ​ មិន​មាន​អ្នក​ណា​អាច​ប៉ាន់​ស្មាន​សាច់​រឿង​នេះ​បាន​។ នៅ​ភាគ​បញ្ចប់​នៃ​សាច់​រឿង​នេះ អ្នក​និពន្ធ សុភា​ប្រុស​បាន​បង្ហើប​ថា​ នឹង​មាន​ចេញ​រឿង​ក្ដី​ថ្មី​មួយ​ទៀត «គម្រោងការ​សម្ងាត់​២០៣៥»។
 
 
ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​
 
៤. កេន្នី​កំពូល​ស្នេហ៍​៖
កេន្នី​ លេខា​មហា​ឆ្នាស​ក្នុង​រឿង «​មន្ត​ស្នេហ៍​លេខា​» កាល​ពី​ចុង​ឆ្នាំ​២០១៤​ បាន​ធ្វើ​ឱ្យ​មិត្ត​អ្នក​អាន​ចងចាំ​មិន​ភ្លេច រហូត​សំណូម​ពរ​ឱ្យ​មាន​ភាគ​បន្ត​​ស្នេហា​នាង​និង​នាយ​តូនី​ទៀត​។ កំណើត​ស្នេហ៍​នៅ​សេអ៊ូល​របស់​អ្នក​ទាំង​ពីរ​ មាន​ទាំង​សើច​ផង​ យំ​ផង ព្រោះ​តែ​រឿង​រំភើប​ដែល​តូនី​បាន​ផ្ដល់​ឱ្យ​កេន្នី​ទាំង​មិន​ដឹង​ខ្លួន​។ ភាគ​ទី​១​របស់​រឿង​នេះ​មាន​អ្នក​ចូល​អាន​ដល់​ទៅ​២​ម៉ឺន​នាក់ ខណៈ​ភាគ​ផ្សេង​ៗ​ទៀត​ក៏​មាន​អ្នក​ចូល​អាន​ប្រមាណ​១ម៉ឺន ទៅ​ ១​,៥​ម៉ឺន​នាក់​ដែរ​។
 
 
ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​
 

៥. បេះដូង​ក្នុង​ពែង​កាហ្វេ​៖
នេះ​ជា​សាច់​រឿង​ខ្លី​និយាយ​ពី​ប្រវត្តិ​ស្នេហ៍​ដ៏​កម្សត់​របស់​យុវវ័យ​មួយ​គូ​ដែល​ចុង​ក្រោយ​មិន​បាន​ជួប​គ្នា​ ហើយ​បែក​គ្នា​ដោយ​ហេតុផល​ដ៏​ឈឺចាប់​បំផុត​។ រឿង​នេះ​មាន​អ្នក​ចុច​ Like 27K និង​មាន​អ្នក​ចូល​អាន​២​,៦ម៉ឺន​នាក់​។
 
 
ប្រលោមលោក​​ Sabay ៥រឿង​មាន​អ្នក​អាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​
 
៥. គាថា​បុរាណ៖
រឿង​បែប​អប្បិយជំនឿ​ដែ​ល​មាន​អ្នក​អាន​ជិត​២​ម៉ឺន​នាក់​ក្នុង​មួយ​ភាគ​ ដោយ​សារ​តែ​ជំនឿ​និង​ការ​រៀបរាប់​ដូច​ពិត​ៗ​របស់​អ្នក​និពន្ធ​ ពេជ្រ បណ្ឌិត បាន​ធ្វើ​ឱ្យ​រឿង​៣​ភាគ​មួយ​នេះ​ត្រូវ​ចាត់​ចូល​ក្នុង​ចំណោម​រឿង​ដ៏​ពេញ​និយម​ទាំង​៦​ក្នុង​ឆ្នាំ​នេះ​។ គាថា​បុរាណ​ដែល​ត្រូវដូន​តា​វិបុល​បង្កប់​ក្នុង​ផ្ទះ និង​ដី​ទំនេរ​ក្រោយ​ផ្ទះ​ដែល​បង្កប់​រឿង​រ៉ាវ​អាថ៌កំបាំងជា​ច្រើន​ មិន​អាច​ទប់​អារម្មណ៍​អ្នក​អាន​មិន​ឱ្យ​ព្រឺ​សម្បុរ​ពេល​អាន​បាន​ទេ​៕
 

តើ​មាន​រឿង​អី​ទៀត​ដែល​អ្នក​គិត​ថា អ្នក​ចូល​ចិត្ត​ខ្លាំង​បំផុត​ដែល​ប្រលោមលោក Sabay បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៥​នេះ​?
 
អត្ថបទ​៖ សុគន្ធី​