ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយសារ​មើលឃើញ​ដំឡូង​មី​មាន​ទីផ្សារ​ល្អ ប្រជាពលរដ្ឋ​នៅតាម​តំបន់ និង បណ្តា​ខេត្ត​មួយចំនួន​បាននាំគ្នា​ងាក​មក​ដាំដំឡូង​មី ហើយ​អ្នកខ្លះ​មិនមាន​ដី​សម្រាប់​ដាំដំឡូង​មី​ដោយ​ខ្លួនឯងបាន​ទៅ​ជួល​ដី​គេ​សម្រាប់​ដាំ ប៉ុន្តែ​រយៈពេល​ជាង​ពីរ​ឆ្នាំ ឬ បី​ឆ្នាំ​ចុងក្រោយ​នេះ តម្លៃ​ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដាំដំឡូង​មី​មានការ​ខកចិត្ត​យ៉ាងខ្លាំង ។ មាន​អ្នកខ្លះ​បាន​បោះបង់​មុខរបរ​នេះ ហើយ​ងាក​ទៅ​ចាប់យក​របរ​ផ្សេង​ជំនួស​វិញ ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

កន្លងមក​មាន​ក្រុមហ៊ុន​ចិន​ធំ​មួយ​មាន​គម្រោង​មក​វិនិយោគ និង ទិញ​ដំឡូង​មី​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​គម្រោង​ទាំង​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ ។ បច្ចុប្បន្ននេះ​ទីផ្សារ​ដំឡូង​មី​នៅ​ប្រទេស​កម្ពុជា​ពឹងផ្អែក​តែ​ទីផ្សារ​ប្រទេសជិតខាង​តែប៉ុណ្ណោះ ដូច្នេះ​ហាងឆេង ឬ តម្លៃ​ដំឡូង​មី​នៅ​ប្រទេស​កម្ពុជា គឺ​អាស្រ័យ​លើ​មាត់​ឈ្មួញ​ប្រទេសជិតខាង​តែប៉ុណ្ណោះ ។ កសិករ​ម្នាក់​ដែល​បាន​ដាំដំឡូង​មី​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បងស្រី តារា សោភា បានផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​ទស្សនាវដ្ដី «​ប្រជាប្រិយ​» ថា «​ខ្ញុំ​ដាំដំឡូង​មីនេះ​អស់​រយៈពេល​ជាង ៦ ឆ្នាំ​មកហើយ ក្នុង​ទំហំ​ដី ១០ ហិកតារ ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

ផល​ដំឡូង​មី​ដែល​គាត់​ដាំ​បាន គឺមាន​ឈ្មួញកណ្ដាល​ចូលមក​ទិញ​ដល់​ចម្ការ​តែម្ដង ដែល​ឈ្មួញ​ទាំងនោះ សុទ្ធតែជា​ខ្មែរ ។ តម្លៃ​ដំឡូង​មី​ឡើង​ចុះ​តែ​នៅលើ​មាត់​អ្នកទិញ​តែប៉ុណ្ណោះ កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​ថ្មី​នេះ តម្លៃ​ដំឡូង​មី​ស្រស់​លក់បាន ១ គីឡូក្រាម មានតម្លៃ​ពី ២៩០ រៀល ទៅ ៣០០ រៀល ។ តម្លៃ​នេះ​ថេរ​បាន ១០ ថ្ងៃ ហើយក៏​ចុះ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ដែល​ដំឡូង​មី​ស្រស់ ១ គីឡូក្រាម មានតម្លៃ​ត្រឹមតែ ២៥០ រៀល​ប៉ុណ្ណោះ​» ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

តាមពិតទៅ​ដំឡូង​មី ទោះបីជា​យើង​មានការ​ងាយស្រួល​ដាំ​យ៉ាងណាក្តី តែ​យើង​ក៏ត្រូវ​ការ ថែទាំ​ដាក់​ជី​ច្រើន​ដែរ ព្រោះ​ដី​នៅ​តំបន់​ខ្ញុំ​នេះ​មិនសូវមាន​ជីជាតិ​នោះទេ បើសិនជា​ថោក​ពេក​ក៏​គ្មាន​អ្នកណា​ធ្វើ​ដែរ អ៊ីចឹង​បើ​បាន ១ គីឡូក្រាម ថ្លៃ ៣០០ រៀល ឬ បើ​ឡើងថ្លៃ​ជាង​នេះ​អាច​ទប់ទល់​បាន តែបើ​ធ្លាក់​ក្រោម​នេះ​ទៀត គឺ​ប្រាកដជា​ខាត​ឡុងចុង​ហើយ ព្រោះ​អ្នក​ដាំដំឡូង​មី​នៅ​ម្ដុំ​ខ្ញុំ​នេះ ភាគច្រើន​យកប្រាក់​ពី​អង្គការ ដល់ពេល​ដំឡូង​មី​ធ្លាក់​ថ្លៃ​ដូច្នេះ​មាន​អ្នកខ្លះ​លក់​ដីធ្លី​សងបំណុល​គេ​អស់ហើយ​» ។ បងប្រុស គី ម៉ន ប្រជាកសិករ​រស់នៅ​ខេត្ត​ប៉ៃលិន ដែលមាន​ចម្ការ​ដំឡូង​មី​ជាង ១៥ ហិកតារ ដែរ​នោះបាន​មានប្រសាសន៍ថា «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

កាលពីមុន​ដំឡូង​មី​ស្រស់​មានតម្លៃ​ពី ៦០០ រៀល ទៅ ៧០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែ​តម្លៃ​ដំឡូង​មីនា​ពេល​បច្ចុប្បន្ននេះ​មានតម្លៃ​មិន​ដល់ ៣០០ រៀល​ផង ក្នុង ១ គីឡូក្រាម ។ ដំឡូង​មី​នៅ​ខាង​ខ្ញុំ​នេះ គឺ​លក់​ឲ្យ​ឈ្មួញ​ថៃ ដូច្នេះ​ហាងឆេង​របស់​ដំឡូង​មីនា​ពេល​បច្ចុប្បន្ននេះ គឺ​អាស្រ័យ​លើ​តែ​ឈ្មួញ​ថៃ​គេ​ថា​តែប៉ុណ្ណោះ ។ មានពេលខ្លះ​អត់​មាន​ឈ្មួញ​មក​ទិញ​ទៀត ដូច្នេះ​ដំឡូង​មី​ត្រូវ​ទុក​រលួយ​ចោល​ក្នុង​ចម្ការ ។ រាល់ថ្ងៃនេះ​លក់​ឲ្យ​តែ​អស់ពី​ចម្ការ​ទៅ បើ​ឲ្យ​ចំណេញ​នោះ​គឺ​វា​មិន​ចំណេញ​នោះទេ វា​ប្រសើរ​ជាង​ទុក​រលួយ ចោល​ក្នុង​ចម្ការ ។ នៅ​ឆ្នាំ​ក្រោយនេះ​ខ្ញុំ​ប្រហែលជា​ឈប់​ដាំដំឡូង​មី​ហើយ​គឺ​ខ្ញុំ​ចង់​ដាំ​មៀន​វិញ​ម្តង ព្រោះ​ផ្លែ​មៀន​ឥឡូវនេះ​មិន​ខ្វះ​ម៉ូ​យមក​ទិញ​នោះទេ ឲ្យ​តែ​ដល់​រដូវ​វា​មាន​ម៉ូយ​គេ​មក​ទិញ​ដល់​កន្លែង​តែម្តង​» ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

ទន្ទឹមនឹង​បញ្ហា​នេះដែរ បងស្រី គង់ គឹម​រី ដែលជា​ឈ្មួញកណ្ដាល​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បានបញ្ជាក់​ប្រាប់​ទស្សនា​វ​ដ្ដី «​ប្រជាប្រិយ​» ពី​ទីផ្សារ​ដំឡូង មី​ថា «​ដំឡូង​មី​ស្រស់​បច្ចុប្បន្ននេះ ខ្ញុំ​ដើរ​ទិញ​តម្លៃ ២៥០ រៀល ក្នុង ១ គីឡូក្រាម ។ អ្នកលក់​គ្នា​ចង់បាន​ថ្លៃ​ដែរ តែ​ធ្វើ​ម៉េច​បាន​បើ​កាលពី​ឆ្នាំ​កន្លងទៅ​តម្លៃ​ប៉ុណ្ណឹង​ដែរ គឺ​តម្លៃ​ពី ២៥០ រៀល ទៅ ៣០០ រៀល ក្នុង ១ គីឡូក្រាម ។ បើ​ដំឡូង​មី​ក្រៀម​វិញ​គឺមាន​តម្លៃ​ពី ៧០០ រៀល ទៅ ៨០០ រៀល ក្នុង ១ គីឡូក្រាម វា​ថ្លៃ​អស់ហើយ​ប៉ុណ្ណឹង ហើយ​ដំឡូង​មី​ដែល​ខ្ញុំ​ដើរ​ប្រមូល​ទិញ​រាល់ថ្ងៃនេះ គឺ​ទិញ​សម្រាប់​ទុក​លក់​បន្ត​ឲ្យ​ឈ្មួញ​មកពី​ប្រទេស​វៀតណាម ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

ខ្ញុំ​ចង់​ឲ្យ​តែ​ដំឡូង​មី​ឡើងថ្លៃ​ទេ ខ្ញុំ​មិន​ចង់​ឲ្យ​ថោក​នោះទេ ព្រោះ​បើ​បាន​ថ្លៃ​ទៅ​អ្នកចម្ការ​គ្នា​មាន​ប្រាក់ មាន​ទឹកចិត្ត​ដាំដំឡូង​មីនេះ​បន្តទៀត ដល់ពេល​ដំឡូង​មី​ចុះថោក​ពេក គ្នា​អ្នក​ដាំដំឡូង​មី​បាន​អី សង​តែ​គេ​អស់​បាត់ទៅ ហើយ ជួនកាល​គ្នា​ខ្ចីប្រាក់​គេ​យកទៅ​ដាំ​មុន ដល់ពេល​កូន​ឈឺ ឬ មាន​បញ្ហា​អ្វី​ទៅ​វីវរ​ហើយ គ្នា​ផ្ដេក ផ្ដួល​លើ​ចម្ការ​ដំឡូង​មី បើ​វា​បាន​ថ្លៃ​ទៅ​ទើប​ពួកគាត់​សល់​ប្រាក់​ខ្លះ​» ។ ទាក់ទង​នឹង​បញ្ហា​ទីផ្សារ​ដំឡូង​មី​របស់​កម្ពុជា​ដែល​មិនមាន​ស្ថិរ​ភាពល្អ​នេះ អ្នកនាំពាក្យ​នៃ​ក្រសួងកសិកម្ម ឯកឧត្ដម អ៊ាង សុផល្លែត បាន​មានប្រសាសន៍ប្រាប់ «​ប្រជាប្រិយ​» ឲ្យ​ដឹងថា «​ដំណាំ​ដំឡូង​មី​បច្ចុប្បន្ននេះ​កំពុង​តែមាន​ការវិវត្ត ហើយ​ទីផ្សារ​ដំឡូង​មី​មិនមាន​ភាព​ស្ងៀមស្ងាត់​ឡើយ ព្រោះ​ដំឡូង​មី​ជា​ប្រភេទ​ដំណាំ​រដូវ​កាល ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

ទីផ្សារ​ធំ​បំផុត​សម្រាប់​ដំឡូង​មី​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺ​ប្រទេស​ចិន ព្រោះ តែ​យើង​បាន​ចុះ​កិច្ច​ព្រម​ពៀង​ជាមួយ​ចិន ហើយ​ប្រទេស​ដទៃ ទៀត​ក៏មាន​ទីផ្សារ​ដែរ ដូចជា​ប្រទេស​ថៃ និង វៀតណាម ដោយសារ​ទីផ្សារ​ទាំងនោះ​គ្មាន​ការហាមឃាត់ ព្រោះ​ជាទី​ផ្សារសេរី ។ ដំឡូង​មី​ដែល​នាំ ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន គឺជា​ប្រភេទ​ដំឡូង​មី​ក្រៀម​តែម្ដង ។ ដូច្នេះ​សុំ​ឲ្យ​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំឡូង​មី ធ្វើយ៉ាងណា​ត្រូវ​សិក្សា​មើល​ស្ថានភាព​ដី ក៏ដូចជា​គុណភាព​ជី ដើម្បី​ប្រើប្រាស់​ក្នុង​ការដាំដុះ​ឲ្យ​បានទទួល​ទិន្នផល​ខ្ពស់ ហើយ​បើ​មាន​បញ្ហា​ត្រូវ​ទាក់ទង​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដែលមាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​នៅ​គ្រប់​ខេត្ត​ទាំងអស់ ដើម្បី​ជួយ​កសិករ​កុំ​ឲ្យ​មាន​ផលវិបាក​ក្នុង​ការដាំដុះ ពិសេស​ដើម្បី​ដំណាំ​របស់​ពួកគាត់​បានទទួល​ទិន្នផល​ខ្ពស់​» ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​អ្នក​ផលិត​ដំឡូង​មី​ដ៏​ធំ​បំផុត​ទី ៣ នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ និង មានលទ្ធភាព​អាច​ពង្រីក​វិសាលភាព​ផលិតកម្ម​ដំឡូង​មី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​ផងដែរ ។ កាលពីដើមឆ្នាំ ២០១៥ នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​កំណត់​នូវ​ផលិតផល​ចំនួន​ប្រាំបួន​មុខ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​មានដូចជា ដំណាំ​ដំឡូង​មី​ក៏​ស្ថិតនៅក្នុង​បញ្ជី​នៃ​ផលិតផល​ដែលមាន​សក្ដានុពល​ទី​ពីរ​របស់​កម្ពុជា បន្ទាប់ពី​ដំណាំ​ស្រូវ​ដែល​ពីមុន​គឺ​ដំណាំ​ពោត ។ សក្ដានុពល​ដំឡូង​មី​របស់​កម្ពុជា​នេះ​ត្រូវបាន​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូ​ពិ​ក បាន​វាយតម្លៃថា ឧស្សាហកម្ម​ដំឡូង​មី​កម្ពុជា​អាចមាន​តម្លៃ​ប្រមាណ​ជា ៣០០ លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ។

ដំឡូង​មី​កម្ពុជា ពឹង​លើ​ដង្ហើម​ឈ្មួញ​ប្រទេសជិតខាង​

បើ​យោងតាម​ទិន្នន័យ​ដែល​បានទទួល​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​នៅ​ទូទាំងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​បាន​កើនឡើង​ប្រមាណ​ជា​ប្រាំ​ដង ពោលគឺ​ពី ១០៨ ១២២ ហិកតារ ដល់ ៥០១ ៨០៦ ហិកតារ ស្រប ពេលដែល​ទិន្នផល​បានទទួល​មានការ​កើនឡើង​ពី ២ ២១៥ ៤២៥ តោន រហូតដល់ ១១ ១៦៨ ៧៥៦ តោន ដោយ​គិតពី​ចន្លោះ​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៤ ៕​ ​ ​វ៉ាត ប៊ុន​ចាន់​ថុ​នា​