​ក្រុម​​ខេត្ត​បាត់​ដំបង បន្ត​លើក​ពានបាល់​ទាត់​នារី ក្រោយ​ផ្តួល​ខេត្ត​ស្វាយ​រៀង

ក្រុម​ម្ចាស់​ជើង​ឯក​៤​សម័យ​កាល​​របស់​មន្ទីរ អប់រំ យុវជន និង​កីឡា ​​​ខេត្ត​បាត់​ដំបង មិន​បាន​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​ខ្លួនត្រូវ​រលាយ​បាត់​នោះ​ទេ ខណៈ​ពួក​គេ នៅ​តែ​មាន​លទ្ធ​ភាពផ្តួល​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយ​រៀង ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដើម្បី​លើកពាន​ជម្រើស​ជើង​ឯក​​បាល់​ទាត់​នារី​​ ​ប្រចាំ​ឆ្នាំ​២០១៥​នោះ។

btb-007សម្រាប់​ការ​ជួប​គ្នា ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ក្រុម​មន្ទីរអយក​ខេត្ត​​បាត់​ដំបង ដែលពី​មុន​ឈ្មោះ​ថា ក្រុម​កម្ម​វិធី​អង្គការសលត៍​នោះ បាន​យក​ឈ្នះ​លើ​​ក្រុម​មន្ទីរអយក​ខេត្តស្វាយ​រៀង ៣-០ ម្តងរួច​ទៅ​ហើយ រីឯ​ការ​ប្រកួតផ្តាច់​ព្រ័ត្រ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ ក្រុម​មន្ទីរអយក​ខេត្ត​​បាត់​ដំបង បាន​លត់​ក្រុម​មន្ទីរ​អយក​ខេត្ត​ស្វាយរៀង ៤-១ បើ​ទោះ​បី​ជា​ខាង​ខេត្ត​ស្វាយ​រៀង ប្តេជ្ញា​ចិត្ត​ និង​មាន​ទំនុក​ចិត្ត​ថា ពួក​គេ​អាច​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​បាត់​ដំបង ដើម្បី​លើក​ពាន​ជា​លើក​ដំបូង​ក៏​ដោយ។

btb-004
ផ្ទុយ​ទៅ​វិញ ក្រុម​មន្ទីរអយក​ខេត្តកំពង់​ឆ្នាំង បែរ​ជា​ទៅ​ចាញ់​ក្រុម​សមាគមកីឡា​បាល់​ទាត់​សៀម​រាប​អង្គរ ១-០ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ទៅ​វិញ ខណៈ​ការ​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ពួក​គេ​បានយក​ឈ្នះ​ក្រុម​សៀម​រាប​អង្គរ ក្នុង​លទ្ធ​ផល​រហូត​ដល់​ទៅ​ ៥-១ នោះ។
យ៉ាង​ណា​ក៏​ដោយ សម្រាប់​ប្រាក់​រង្វាន់ ដែល​ទទួល​បាន​នៅ​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ ដែល​មិនស័ក្តិសម​ទៅ​នឹង​ការ​​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ចូល​រួម​នោះ​ឡើយ ព្រោះ​ឆ្នាំ​នេះ ​ក្រុមម្ចាស់​ជើង​ឯក​របស់​មន្ទីរ​អយក​ខេត្ត​បាត់​ដំបង បាន​ទទួល​ទឹក​ប្រាក់ត្រឹម​​២​លាន​រៀល ខណៈ​ក្រុម​​លេខ​២មន្ទីរ​អយក​ខេត្ត​ស្វាយ​រៀង បាន​១,២​លាន​រៀល និង​​ក្រុម​លេខ​៣​ ​សមាគម​កីឡា​បាល់​ទាត់​ខេត្ត​សៀម​រាប ទទួល​បាន​ទឹក​ប្រាក់​៨០ម៉ឺន​រៀល ​​ ហើយ​គ្មាន​ការ​ផ្តល់ប្រាក់​រង្វាន់​ដល់​ក្រុម Fair play គ្រូ​ល្អ អ្នក​ចាំ​ទី​ល្អ និងអ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នោះ​ឡើយ៕
រូប​ភាព​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា(FFC)

btb-006

btb-002

btb-001

btb-005

btb-003