ប្រជាពលរដ្ឋ​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ដី​ដែល​ខ្លួន​ប្រើប្រាស់​អាស្រ័យ​ផល​តាំងពី​យូរយារ​ណាស់​មក​ហើយ​នៅ​តំបន់​អូរ​ស្លេវ ជាប់​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន ​៖ ប្រជាពលរដ្ឋ​រាប់​សិប​នាក់ ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ពិនិត្យ​មើល​ដី​របស់ខ្លួន ដែល​ធ្លាប់​អាស្រ័យ​ផល​ត្រង់​ចំណុច​អូរ​ស្លេវ  ក្នុង​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់​ដំបង ជាប់​នឹង​ព្រំប្រទល់​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​សុំ​ឱ្យ​អាជ្ញា​ធរ​ស្រុក​សំឡូត​ធ្វើការ​សម្រេច​ផ្តល់​ជូន​ពួក​គាត់​បន្ត​ប្រើប្រាស់​នៅ​ថ្ងៃ​ខាង​មុខ​ទៀត ។

​ការ​ចុះ​ទៅ​ពិនិត្យ​​​ដី​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​នេះ ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ រហូត​ដល់​២៤ ​ធ្នូ ​២០១៥ ស្ថិត​នៅ​ភូមិ-ឃុំ​ខាង
លើ ។

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ពួក​គាត់​ដែល​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ដី​របស់​ខ្លួន ដែល​ធ្លាប់​អាស្រ័យ​ផល​ប្រើប្រាស់​ជា​យូរ​ឆ្នាំ​មក​​ហើយ ​​គឺ​ពោល​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ នៅ​ពេលនេះ ពួក​គាត់​បាន​នាំ​គ្នា​មក​ពិនិត្យ​មើល​ដី​របស់​ខ្លួន ដោយ​ឱ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​វាស់វែង ដើម្បី​សម្រេច​ប្រគល់​ជូន​ពួក​គាត់​កាន់កាប់ និង​អាស្រ័យ​ផល​បន្ត​ទៀត​ផង​ដែរ ។  ពួក​គាត់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ដី​ទាំងនោះ គឺ​មក​ពី​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ពួក​គាត់​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ បើសិនជា​ដី​នោះ​ក្លាយទៅជា​ស្រឡះ​ល្អ ខាង​អាជ្ញាធរ​នឹង​អាច​វាស់​កាត់​ដី​ទាំងនោះ​ឱ្យ​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​ដែរ ។ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ថន គឹ​ម​ហុង នាយក​តំបន់​អភិរក្ស​ប្រចាំ​នៅ​សំឡូត​ប៉ៃលិន បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ជិះ​ម៉ូតូ​ជាង​៥០​គ្រឿង​ ទៅ​ពិនិត្យ​មើល​ដី​ខាង​លើ​នេះ គឺ​មក​ពី​ខេត្ត​ប៉ៃលិន​ទាំងអស់ ដោយ​ពួក​គាត់​ជា​អតីត​ខ្មែរក្រហម​ចាស់ ហើយ​ដី​នោះ​គឺ​ពួក​គាត់​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ជា​យូរយារ​ណាស់​មក​ហើយ ដោយនៅ​ពេល​នេះ ពួក​គាត់​ចង់បាន​ដី​ទាំងនោះ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន តែ​មិន​បាន​បន្ត​កាប់​រាន​ដី​ព្រៃ​តំបន់ អភិរក្ស​ឡើយ ។

លោក​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៣​ និង​៣០​នាទី​ថ្ងៃ​ទី​២៤ ​ធ្នូ​ នេះ ពួក​គាត់​ទាំងអស់​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងខ្លួន​អស់ហើយ ដោយ​ខាង​លោក​ក៏ បន្ត​តាម​សង្កេត​មើល​ដែរ ក្រែង​ប្រជាពលរដ្ឋ​ទាំងនោះ​បន្ត​លួច​កាប់​ព្រៃ​តំបន់​អភិរក្ស​បន្ត​ទៀត ។

ចំណែក​លោក  អ៊ិ​ន សា​វរិ​ទ្ធ  អភិបាលស្រុក​សំឡូត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី យប់​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ​ថា ខាង​លោក​បាន​សុំ​សេចក្តី​អនុញ្ញាតិ​ពី​អភិបាលខេត្ត​រួចរាល់​អស់ ហើយ​ដើម្បី​ចុះ​ទៅ​មើល​ប្រជាពលរដ្ឋ ដែល​នាំ​គ្នា​មក​កន្លែង​ដី​ត្រង់​ចំនុច​ស្លេវ  ព្រោះ​ពួក​គាត់ ធ្លាប់​ប្រើប្រាស់​អាស្រ័យ​ផល​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះ ។ តែ​ពួក​គាត់​មិន​បាន​កាប់​ព្រៃ​ក្នុ ង​ដែន​តំបន់​អភិរក្ស​ឡើយ ៕