ផឹកស្រា​ស្រវឹង​ ដេក​អត់​ហូប​បាយ​ខ្យល់.គរ​ស្លាប់

​រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ចំណាស់​ម្នាក់​ផឹកស្រា​ស្រវឹង​ ហើយ​ចូល​សម្រាក​មួយ​យប់​មួយ​ថ្ងៃ​អត់​ហូប​បាយបណ្តាលឱ្យ​ខ្យល់.គរ​ស្លាប់​នៅ​លើ​ផ្ទះ​​ ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៤  ធ្នូ ។

សព​មានឈ្មោះ សន  គក់ ភេទ​ប្រុស អាយុ​50​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​សម្តី​របស់​កូនស្រី​មានឈ្មោះ សន សំឡូត អាយុ​២៧ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ឲ្យ​ដឹង​ថា គាត់​ទើបនឹង​សម្រាលកូន​បាន​សម្រាក​នៅ​ក្រោមផ្ទះ ហើយ​ឪពុក​របស់​គាត់​បាន​ហូប​ស្រាស្រវឹង​តាំងពី​យប់​ថ្ងៃ​ទី​២៣ ​ធ្នូ ពេល​មក​ដល់ផ្ទះ​​បាន​ឡើង​ទៅ​សម្រាក​បាត់ ។

លុះ​ព្រឹក​ឡើង​គាត់​បាន​ទៅ​ដាស់​ឪពុក​ហូប​អាហារ​ពេល​ព្រឹក​ក៏​ដាស់​មិន​ព្រម​ភ្ញាក់​ដែរ រហូត​ដល់​ថ្ងៃត្រង់​ក៏មិន​ព្រម​ភ្ញាក់​ទៀត លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​គាត់​បាន​ឡើង​ទៅ​មើល​ឪពុក​ម្តងទៀត ដោយសារ​តែ​មិនឃើញ​ភ្ញាក់​ពី​ដំណេក​សោះ ខណៈ​ពេល​ឡើង​ទៅ​ដល់​ឃើញ​ឪពុក​កំពុង​តែដកចង្កាមាន់​ គាត់​បាន​ជួយ​រឹត​ និង​បាន​ស្រែកហៅ​អ្នក​ជិតខាង​មក​ជួយ​មើល​ តែជា​អកុសល​ឪពុក​បាន​ដាច់ខ្យល់​ទៅ​ហើយ ។

សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​បាន​ឲ្យ​ដឹង​ថា​ស្លាប់​ដោយសារ​ខ្យល់គរ ៕