ក្រសួង​វប្បធម៌ និង​ក្រុមហ៊ុន​ឯកជន រួមគ្នា​អភិវឌ្ឍន៍​ទីតាំង​ស្ទូ​ឌី​យោ​ភាពយន្ត​នៅ​ខេត្តកំពង់ស្ពឺ​

ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​បានដាក់​ឲ្យ​ដំណើរការ និង​អភិវឌ្ឍន៍​ទីតាំង​ស្ទូ​ឌី​យោ​ភាពយន្ត​នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ពង្រឹងគុណភាព និង​បរិមាណ​ស្នាដៃ​ភាពយន្ត​ខ្មែរ ខណៈដែល​ក្រុម​អ្នកនិពន្ធ ផលិតករ សិល្បករ​ខ្មែរ​កំពុង​ព្រួយ​បារ​ម្មណ៍​ពី​លំហូរ​នៃ​ភាព​បរទេស​ចូលមក​កម្ពុជា​កាន់តែច្រើន ។​

​កិច្ចសហប្រតិបត្តិការ​ដាក់​ឲ្យ​ដំណើរការ និង​អភិវឌ្ឍន៍​ទីតាំង​ស្ទូ​ឌី​យោ​ភាពយន្ត​នៅ​ខេត្តកំពង់ស្ពឺ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុ​សាធារណៈ នៃ​ការយោគយល់​គ្នា​រវាង​លោក សោម សុខ​គុណ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាមួយ​តំណាង​ក្រុមហ៊ុន ZSL Amusement and Investmen Network ។

​លោក ស៊ិន ច័ន្ទ​ឆា​យ៉ា ប្រធាន​នាយកដ្ឋាន​ខ្សែភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​អ្នកព័ត៌មាន​ក្រោយពី​បញ្ចប់​ពិធី​ចុះហត្ថលេខា នៅ​ទីស្តីការក្រសួង​វប្បធម៌ កាលពី​ល្ងាច​ថ្ងៃទី​២២ ធ្នូ​ថា គម្រោង​កិច្ចសហប្រតិបត្តិការ​នេះ គឺជា​វិធានការ​មួយចំនួន​របស់​ក្រសួង​វប្បធម៌​ក្នុងការ​លើកកម្ពស់​សម្ថ​ភាព ការ​ប្រ​គួ​ត​ប្រជែង​របស់​ផលិតករ​នៅក្នុង​ស្រុកលើ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។

​លោក​បន្តថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ជា​ជំ​ហ៊ាន​ដំបូង ភាគី​ខាង​ក្រុមហ៊ុន​ZSL នឹង​ជួយ​អភិវឌ្ឍន៍​ស្ទូ​ឌី​យោ​ភាពយន្ត (Film Studio ) នៅ​ខេត្តកំពង់ស្ពឺ​ដែល មាន​ដី​ទំហំ ៣ ហិកតា ឲ្យ​ក្លាយជា​ស្ទូ​ឌី​យោ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ ទាំង​បច្ចេកទេស និង​សម្ភារៈ​។​

​លោក​បាន​បញ្ជាក់ថា​៖  ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភាពយន្ត​នេះ មាន​អ្នកឯកទេស​ជាតិ​និង​អន្តរជាតិ​មកជួយ​តម្រង់​ទឹ​សដ​ល់អ្ន​បច្ចេកទេស​ខ្មែរ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​អាជីព មានចំណេះ​ពិតៗ ព្រមទាំង ជួយ​បង្ហាត់បង្រៀន​ដល់​សិល្បករ និង​យុវជន​ជំនាន់​ក្រោយ​ផងដែរ​។

​លោក​ថា ក្រសួង​វប្បធម៌ នឹងមាន​ស្ទូ​ឌី​យោ​ដ៏​ល្អ​មួយ​នៅ​ខេត្តកំពង់ស្ពឺ​ដែលមាន​ទំហំ​ផ្ទៃដី​ចំនួន​៣ ហិកតា ហើយ​ក្នុង​ជំ​ហ៊ាន​ដំបូង​ក្រុមហ៊ុន បោះទុន​វិនិយោគ​ប្រហែល​ជា​១​លាន​៥​សែន​ដុល្លារ​។​

​សូមបញ្ជាក់ថា​៖​កិច្ចសហប្រតិបត្តិការ​នេះ មាន​រយៈពេល​១៥​ឆ្នាំ ដោយ​ក្រសួង​វប្បធម៌​និង​ក្រុម​ZSL និង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភាពយន្ត កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទូ​ឌី​យោ​ផលិត​ភាពយន្ត​នៅ​កំពង់ស្ពឺ​ដែលមាន​ស្រាប់ ឲ្យ​ក្លាយជា​កន្លែង​ថត​ភាពយន្ត​ខ្នាត​អន្តរជាតិ នឹង​បង្កើត​សារមន្ទីរ​ឯកទេស​ភាព​យន្ត​កម្ពុ​ជាមួយ ដើម្បី​ដាក់​តាំងនូវ​សម្ភារៈ​ផលិតភាព​យន្ត​ចាស់ៗ និង​ស្នាដៃ​ភាពយន្ត​ខ្មែរ​គ្រប់​ជំនាន់ ក្នុង​គោលបំណង​ដាក់តាំង​បង្ហាញជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា និង​ទុកជា​ឯកសារ​ស្រាវជ្រាវ​បាន​កាន់​ល្អ ប្រកបដោយ​ប្រសិទ្ធភាព​៕

ក្រសួង​វប្បធម៌ និង​ក្រុមហ៊ុន​ឯកជន រួមគ្នា​អភិវឌ្ឍន៍​ទីតាំង​ស្ទូ​ឌី​យោ​ភាពយន្ត​នៅ​ខេត្តកំពង់ស្ពឺ​

ក្រសួង​វប្បធម៌ និង​ក្រុមហ៊ុន​ឯកជន រួមគ្នា​អភិវឌ្ឍន៍​ទីតាំង​ស្ទូ​ឌី​យោ​ភាពយន្ត​នៅ​ខេត្តកំពង់ស្ពឺ​