នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ កម្មករ​នៅ​បាវិត ចូលធ្វើការ​វិញ​ហើយ លើកលែងតែ ១ រោងចក្រ តែ​មិនមាន​ការប៉ះទង្គិច​អ្វី​ទេ​

ខេត្តស្វាយរៀង: ​បន្ទាប់ពី​ឈប់សម្រាក​ពីរ​ថ្ងៃ​រួចមក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​វិល​ត្រលប់ ចូលធ្វើការ​វិញ​ហើយ លើកលែង​តែមួយ​រោងចក្រ​ប៉ុណ្ណោះ ដែល​កម្មករ នៅ​មិនទាន់​ចូលធ្វើការ​។ ក៏ប៉ុន្តែ​ក៏​មិនមាន​ការប៉ះទង្គិច​អ្វី​ទៀត​នោះទេ ដោយ​ក្រុមកម្មករ​បាន​ប្រមូលផ្តុំ នៅមុខ​រោងចក្រ ដោយ​ស្ងប់ស្ងាត់​។​

​លោក​ ឃុន សុខុន អ្នកសម្របសម្រួល​សហ​ភាព​ការងារ​កម្ពុជា ប្រចាំខេត្ត​ស្វាយរៀង បាន​លើកឡើងថា រហូតដល់​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ​នេះ បាន​ស្ងប់ស្ងាត់ ដោយ​កម្មករ​បាន​ចូលធ្វើការ​វិញ​ហើយ លើកលែងតែ​កម្មករ​មួយ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ដែល​មិន​ព្រម​ចូលធ្វើការ​។ ប៉ុន្តែ​កម្មករ​ទាំងនោះ នៅ​ជួបជុំ​មុខ​រោងចក្រ ដោយ​មិនមាន​បាតុភាព​អ្វី​ទេ​។​

​ដោយឡែក ប៉ូលិស និង​ប៉េអឹម នៅតែ​បន្ត​ដាក់ពង្រាយ ការពារ​សុវត្ថិភាព នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ​។

​លោក ឃុន សុខុន បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ មាន​តៃកុង​ឡាន​ដឹក​កម្មករ​សរុប​ចំនួន ៦ នាក់​ហើយ ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់ខ្លួន ពីបទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើបាតុកម្ម​។ ក្នុងនោះ តៃកុង​ឡាន ៥​នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ និង​តៃកុង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ បានធ្វើ​កូដកម្ម​ទាមទារ​ឡើង​ប្រាក់ខែ គឺមាន​កម្មករ ៤ នាក់ ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​ចោទប្រកាន់ បង្ក​អំពើហិង្សា គប់​ដុំថ្ម បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ​៕​