បុរស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​នឹង​ដុំថ្ម ស្លាប់​ផ្កាប់មុខ​

​ក្រុង​ប៉ោយប៉ែត: បុរស​ម្នាក់ ត្រូវបាន​អ្នក​ហាត់ប្រាណ ប្រទះឃើញ ដេកស្លាប់​ផ្កាប់មុខ និង​មាន​ដុំថ្ម​មួយ​ធំ នៅក្បែរ​ខ្លួន ដោយមាន​ប្រឡាក់​សុទ្ធតែ​ឈាម កាលពី​ម៉ោងជាង ៦ ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ដី​កាស៊ីណូ គ្រោង​អភិវឌ្ឍន៍​បន្ត ខាងជើង​ដើម​ស្រល់ ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែល​សមត្ថកិច្ច សង្ស័យ​ជា​អំពើ​ឃាតកម្ម ។​

​បុរសរងគ្រោះ ឈ្មោះ រ៉ែ​ន ប៊ុនធឿន អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

​បើតាម​ប្រភព​ឪពុកក្មេក របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​វេលា រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នោះ កូនប្រសា​គាត់ (​ជនរងគ្រោះ​) បាន​ចេញពី​កម្មវិធី ត្រឡប់មក​ដល់ផ្ទះ ហើយ​ត្រូវ​អ្នកលេង​ល្បែង នៅមុខ​ផ្ទះ ស្រែកហៅ​ឲ្យ​ចូលរួម​លេង​ជាមួយ ព្រោះ​ខ្វះជើង តែ​ត្រូវ​កូនប្រសា​គាត់ ប្រកែក ដោយបាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-4368 ចេញទៅ​បាត់​រហូត ។ លុះដល់​វេលា​ព្រឹក ទើប​មានការ​ភ្ញាក់ផ្អើល ឃើញ​កូនប្រសាស្លាប់បាត់​ទៅវិញ ដោយ​ទ្រព្យ សម្បត្តិពាក់​លើ​ខ្លួនត្រូវ​បាត់អស់​ផងដែរ ។​

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម គេ​បានឃើញ​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ព័ទ្ធ​ខ្សែ មិន​ឲ្យ​ប្រជាពលរដ្ឋ ចូល​ជិត រង់ចាំ​កម្លាំង​ជំនាញ ចុះមក​ធ្វើ​
​កោសល្យវិ​ច្ច័​យ​លើ​សាកសព និង​បាន​កំណត់ថា នេះ​អាចជា​ករណី​ឃាតកម្ម ព្រោះ​ម៉ូតូ​ជនរងគ្រោះ មិនបាន​បាត់​ទេ ៕V​/S