ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនបរទេស នៅវេលាម៉ោង ២១និង១៥នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវសុធារស កែងផ្លូវសុរ៉ាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

អាវុធហត្ថខណ្ឌ ដូនពេញបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន ទី១.ឈ្មោះ សុខ តុលា ហៅអាកាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ N១០៨ ផ្លូវ៣១០ ភូមិ០៦ ទន្លេបាសាក់ ខណ្ឌចំការមន(ជាអ្នកឆក់), ទី២.ឈ្មោះ ពេជ្រ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ជាអ្នកបើកម៉ូតូ)។

អាវុធហត្ថបានបន្តថា ក្នុងការឃាត់ខ្លួនជនសង្ស័យនេះ ដកហូតបាន ម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីស្មាស ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN:6837។ ហើយជនរងគ្រោះ ជាជនបរទេសភេទស្រី បាត់បង់ទូរស័ព្ទ ០១គ្រឿង ម៉ាកអាយហ្វូនហ្វាយ ហើយយើងមិនអាចទាក់ទង ឲ្យគាត់មកដាក់ពាក្យបណ្តឹងបានទេ។

កម្លាំងអាវុធហត្ថបានឲ្យទៀតដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដើរកាន់ទូរស័ព្ទ នៅលើផ្លូវសុធារសកែងសុរ៉ាម្រិត សង្កាត់ចតុមុខ ជិតនាគបាញ់ទឹក ស្រាប់តែជនសង្ស័យទាំង ០២នាក់ខាងលើ ជិះម៉ូតូមកក្បែរ ហើយបានឆក់យកទូរស័ព្ទ របស់ជនរងគ្រោះម៉ាក អាយហ្វូនហ្វាយ ហើយបានជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះ បានស្រែកឆោឡោឡើង ហើយកំលាំងល្បាតយើង បានដេញប្រផាប់ចាប់ប្រផីង រហូតដល់ចំនុចផ្លូវ២៦៤កែង១៩ សង្កាត់ចតុមុខ ជនសង្ស័យក៏បានផ្តួលម៉ូតូ ចោលហើយរត់គេចខ្លួនរត់ឡើងលើផ្ទះ របស់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវបានកំលាំងយើង ឃាត់ខ្លួនបានតែម្ដង។

សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានឆក់ទូរស័ព្ទ របស់ជនបរទេសពិតប្រាកដមែន ហើយបានជ្រុះបាត់ នៅពេលដែលពួកគេរត់គេចខ្លួន ពីការតាមចាប់របស់កំលាំងកងរាជអាវុធហត្ថ៕

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីឆក់ទូរស័ព្ទ ពីជនបរទេស នៅខណ្ឌដូនពេញ