ខេមរៈ សិរីមន្ត ​លើក​ទឹក​ចិត្ត​អ្នក​ច្រៀង​បទ Original Song

ខេមរៈ សិរីមន្ត ​លើក​ទឹក​ចិត្ត​អ្នក​ច្រៀង​បទ Original Song

តារា​ចម្រៀង​​​លោក ខេមរៈ សិរីមន្ត បាន​ថ្លែង​ប្រាប់ Sabay ថា លោក​​សូម​សរសើរ​​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​តារា​ចម្រៀង​ក៏​ដូច​ជា​ផលិតករ​ទាំង​អស់​ដែល​កំពុង​តែ​ច្រៀង​បទ Original Song ដោយ​ស្នើ​ឱ្យ​​​បន្ត​សកម្មភាព​នេះ​ថែម​ទៀត ​​ដើម្បី​​ជួយ​លើក​ស្ទួយ​សិល្បៈ​ជាតិ។

 

ខេមរៈ សិរីមន្ត ​លើក​ទឹក​ចិត្ត​អ្នក​ច្រៀង​បទ Original Song

 

ខេមរៈ សិរីមន្ត​បាន​លើក​ឡើង​ថា បទ​ចម្រៀង Original Song ​កំពុង​តែ​ពេញ​និយម ជា​ពិសេស​សម្រាប់​យុវវ័យ​បច្ចុប្បន្ន។  ក្នុង​នាម​ជា​តារា​ចម្រៀង​ម្នាក់ ​លោក​សូម​លើក​ទឹក​ចិត្ត​ដល់​អ្នក​និពន្ធ ​ក៏​ដូច​ជា​តារា​ចម្រៀង​ទាំង​អស់ ​ដែល​​កំពុង​តែ​ផលិត​ស្នាដៃ​ទាំង​នេះ។ ជា​មួយ​គ្នា​នោះ  លោក​​​ប្ដេជ្ញា​ចិត្ត​ថា នឹងកាត់​​បន្ថយ​ការ​ច្រៀង​បទ​ចម្លង​ពី​បទេស​ឲ្យ​បាន​ច្រើន ទៅ​តាម​​អ្វី​ដែល​លោក​ក៏​ដូច​​ជា​​ខាង​ក្រុមហ៊ុន អាច​ធ្វើ​បាន។

“រឿង​ច្រៀង​បទ Original Song ខ្ញុំ​ចង់​ខ្លាំង​ណាស់ តែ​​យើង​មិន​អាច​ធ្វើ​តែ​ម្នាក់​​ឯង​បាន​ទេ ខាង​ក្រុមហ៊ុន​គាត់​ត្រូវ​ការ​ចំណេញ​របស់​គាត់​ដែរ ដូច​នេះ​យើង​ត្រូវ​ធ្វើ​បន្តិច​ម្ដងៗ ១ឆ្នាំ យើង​មាន​បទ​ថ្មី៣០- ៤០ %  ដែរ​តើ ” ។ សិរីមន្ត ថ្លែង​បញ្ជាក់។

 

តារា​ចម្រៀង​រូប​នេះ​បាន​លើក​ឡើង​បន្ត​ទៀត​ថា  ការ​ចម្រៀង Original Song មិន​អាច​ធ្វើ​ទៅ​ភ្លាមៗ​បាន​១០០%​នោះ​ទេ ព្រោះ​កិច្ចការ​នេះ​ត្រូវ​ការ​ធនធាន​​មនុស្ស​​ជា​ច្រើន​។  ម្យ៉ាង​ទៀត​តារា​ចម្រៀង​របស់​ផលិតកម្ម​នីមួយៗ ​មាន​ច្រើន ដែល​ត្រូវ​ចែក​គ្នា​ច្រៀង ។ “គ្មាន​អ្នក​​ណា​មិន​ចង់​ច្រៀង​បទ​ខ្លួន​ឯង​ទេ ខ្ញុំ​ចង់​ខ្លាំង​ណាស់ សំខាន់​ឲ្យ​តែ​មាន​​អ្នក​ធ្វើ​ឲ្យ”។

 

ខេមរៈ សិរីមន្ត ថ្លែង​ថា កន្លង​មក​លោក​ធ្លាប់​ច្រៀង​បទ Original Song ច្រើន​បទ​ដែរ ប៉ុន្តែ​ការ​គាំទ្រ ហាក់​ដូច​ជា​មិន​មាន​ច្រើន លោក​មិន​បាន​ដឹង​ច្បាស់​ថា មូលហេតុ​​​អ្វី​​​បាន​ជា​មាន​អ្នក​គាំទ្រ​តិច​បែប​នេះ​ទេ។  ទោះ​បី​ជា​យ៉ាង​ណា លោក​​សំណូមពរ​ដល់​​ទស្សនិកជន​ទាំង​អស់​ គាំទ្រ ស្នាដៃ​បទ​​ចម្រៀង​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​តារា​ចម្រៀង​​ក៏​ដូច​ជា​អ្នក​និពន្ធ​ទាំង​អស់ ​ដែល​បាន​ខិតខំ​​បង្កើត​បទ​ចម្រៀង​ទាំង​​អស់​នោះ​ឡើង៕

 

អត្ថបទ៖ ខុត សីហា