ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស

(អវកាស)៖ សម្រាប់ឆ្នាំ ២០១៥ ទាំងមូល ត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសទីភ្នាក់ងារ អវកាស អាមេរិក NASA ចាត់ទុកជាឆ្នាំ នៃភាពអស្ចារ្យជាប្រវត្តិសាស្ត្រ ជុំវិញការស្រាវជ្រាវ នៅ ទីអវកាស ដែល ប្រការនេះ គេចង់សំដៅទៅលើ ការថតបានរូបភាពពិត របស់ភពភ្លុយតូ ដែលមានចម្ងាយ ៩ ពាន់លាន គីឡូម៉ែត្រ ពីផែន និង មនុស្សចង់ឃើញរូបរាងពិត របស់វា ចាប់តាំងពីឆ្នាំ ១៩៣០ មកម្ល៉េះ។

វាហាក់មានតម្លៃជាងការចុះចតលើឋានព្រះច័ន្ទ កាលពីឆ្នាំ ១៩៦៩ ទៅទៀតព្រោះរូបភាព ពិត របស់ភពភ្លុយតូ ដែលធ្លាប់ត្រូវបានចាត់ទុកជាភពទី ០៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យ នោះ ត្រូវ បានយានអវកាស New Horizons ថត និង បញ្ជូនមកដល់ផែនដី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៥ ដែលនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ មានការភ្ញាក់ផ្អើលអំពីរូបរាងពិត និង សណ្ឋានភព ដែលស្ទើរខុសប្លែកពីការរំពឹងទុក ពីមុនទាំងស្រុង។

ប្រព័ន្ធនៃភពភ្លុយតូ មានព្រះច័ន្ទសរុបចំនួន ៥ ដោយក្នុង នោះព្រះច័ន្ទ ឆារ៉ុន មានទំហំធំ ដែលអាចនិយាយបានថា បើយើងស្ថិតនៅលើភពភ្លុយតូនោះ យើងអាចមើលឃើញ ព្រះច័ន្ទ ឆារ៉ុនលើផ្ទៃមេឃ ធំជាង ព្រះច័ន្ទ នៅលើផែនដីរហូតដល់ទៅ ៨ ដង។ ដូច្នេះ វាជាភាពប្លែក ភ្នែក ហើយត្រូវបានអ្នកវិទ្យាសាស្ត្រ អះអាងថា ឆារ៉ុន និង ភ្លុយតូ អាចជាភពភ្លោះ។ នេះលទ្ធ ផលដែលទទួលបាន ក្រោយ New Horizons ធ្វើដំណើរអស់ ៩ឆ្នាំ៕

ឆ្នាំ ២០១៥ ត្រូវបានចាត់ទុក ជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ បេសកកម្មអវកាស