រថយន្ត​​​បុក​ជាមួយ​ម៉ូតូ​​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ ម៉ូតូ​ដាច់​ជា​ពីរកំណាត់​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​​​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​ដឹកឈើគេច​សត្វ​ឆ្កែ​នៅ​ខាង​មុខក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​​រថយន្ត​មួយ​គ្រឿង​​ពេញទំហឹង ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នា បណ្តាល​ឱ្យ​ដាច់​ម៉ូតូ​ជា​ពីរកំណាត់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់ ​កាលពី​វេលា​ម៉ោង​៥ និង​​៥​ព្រឹក​ថ្ងៃ​ទី​២៥ ​ធ្នូ ​នេះ​ ស្ថិត​នៅបណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​​ប៉ៃលិន ។

​មន្ត្រី​សមត្ថកិច្ច​ចរាចរណ៍ បានឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​​ ឈ្មោះ ឌី ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ ​​មាន​ស្រុក​កំណើត​នៅ​ភូមិ​បារាយណ៍ ឃុំបារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​​មក​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (ស្លាប់​នៅ​នឹង​កន្លែង) ។ អ្នក​រួម​ដំណើរ​ជាមួយ ឈ្មោះ ចាន់ សា​រឿ​ន ហៅ​គ្រឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (របួសស្រាល) រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ​​អ្នកទាំង​ពីរ​មាន​មុខរបរ​ដឹកឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​តាម​សិប្បកម្ម​ក្នុង​ក្រុងប៉ៃលិន ។ ​ចំណែកឯ​អ្នកបើកបរ​រថយន្ត ឈ្មោះ លី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មានមុខ​របររត់​តាក់ស៊ី​ពី​ប៉ៃលិន-ភ្នំពេញ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ដឺ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខភ្នំ​ពេញ 2AA-8211 ​។

​ក្រោយ​កើត​ហេតុ ​សព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សាច់ញាតិជួល​រថយន្ត​មន្ទីរពេទ្យ​បង្អែកខេត្ត​ ដឹក​សព​យក​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​ដោះស្រាយតាម​ច្បាប់​ ៕