ព្រះរាជក្រឹត្យ លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា ក្នុង​ចំណោម​២៧​រូប​ទទួល​ឥស្សរិយយស​ជា​តូប​ការ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​លើក​ទី​១​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១២៣​រូប នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ ។

យោង​តាម​ព្រះរាជក្រឹត្យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា គ្រឿង​ឥស្សរិយយស ផ្តល់​ជូន​ចំពោះ​សមាជិក​សមាជិកា​រដ្ឋសភា​រួម​មាន ថ្នាក់​ជា​តូប​ការ​ចំនួន​២៧​រូប គ្រឿង​ឥស្សរិយយស​ឯករាជ្យ​ជាតិ​២៦​រូប គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​៧​រូប គ្រឿង​ឥស្សរិយយស​សុ​វត្ថា​រា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ចំនួន​២​រូប គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​១​រូប គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេនា ២៤​រូប គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេនា​ចំនួន​២​រូប គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ចំនួន​៦​រូប និង​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា​ចំនួន​២៨​រូប ។

មានការ​កត់​សម្គាល់ថា ឥស្សរជន​សំខាន់​ៗ​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​មាន​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន សម្តេច​តេ​ជោ ហ៊ុន សែន លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា ។

ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ដែល​ប្រារព្ធ​ធ្វើ​នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវន​កម្ម​នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា ការ​ប្រគល់​គ្រឿង​ឥស្សរិយយស​លើក​ទី​១​តាម​ឋានានុក្រម​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​នេះ គឺ​យោង​តាម​ជំពូក​ទី​៤ មាត្រា​២៦ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ដែល​បាន​ចែង​ថា តំណាងរាស្ត្រ​ក្នុង​តំណែង​ត្រូវ​ទទួល​បាន​គ្រឿង​ឥស្ស​យ​យស​ពីរ​ដង​ក្នុង​មួយ​អាណត្តិ ។

យោង​តាម​ព្រះ​រាជ្យ​ក្រឹត្យ ចុះ​ថ្ងៃ​៥​ខែតុលា ឆ្នាំ​១៩៩៥ ស្តី​ការ​បង្កើត​និង​ប្រើប្រាស់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​តាម​អង្គប្រជុំ​ជាមួយ​អគ្គលេខាធិការ​រដ្ឋសភា​ជា​ច្រើន​លើក ដើម្បី​រក​បញ្ញត្តិ​ច្បាប់​ដែល​មាន​ចែង​ក្នុង​ការ​រៀបចំ​ស្នើ​សុំ​គ្រឿង​ឥស្សរិយយស​ជូន​អ្នកតំណាង​រាស្ត្រ​កន្លង​មក អង្គប្រជុំ​បាន​ពិចារណា​យ៉ាង​ម៉ត់ចត់ ទើប​មានការ​ស្នើ​សុំ​ទៅ​គណៈកម្មការ​គ្រឿង​ឥស្សរិយយស​ព្រះ​បរមរាជវាំង ទូល​ថ្វាយ​ព្រះករុណា​ព្រះ​មហា​ក្ស​ត្ត​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​អង្គ​ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ផ្តល់​ជូន​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៥ ជា​លើក​ទី​១ ចំនួន​១២៣​រូប ដែល​រៀបចំ​នៅ​ថ្ងៃនេះ ។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​ទទួល​គ្រឿង​ឥស្សរិយយស​នេះ មាន​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​៧៥​រូប​ចូលរួម​ទទួល ក្នុង​នោះ​សមាជិក​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥១​រូប សមាជិក​សភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៤​រូប ។ ចំពោះ​ការ​អវត្តមាន ត្រូវ​បាន​លោក ជាម យៀ​ប អះអាង​ថា មក​ពី​សមាជិក​មួយ​ចំនួន​ជាប់​បេសកកម្ម​នៅ​ក្រៅប្រទេស មួយ​ចំនួន​ទៀត​ជាប់​បេសកកម្ម​នៅ​តំបន់​ដាច់​ស្រយាល និង​សមាជិក​មួយ​ចំនួន​ទៀត​ជាប់​ពិនិត្យ​ព្យាបាល​ជំងឺ ។ 
ក្នុង​ពិធី​នេះ ក៏​មិនឃើញ​វត្តមាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹ​ម សុខា ឡើយ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ នៅ​វិមាន​រដ្ឋសភា​ថា ចំពោះ​ការ​អវត្តមាន​សមាជិក​រដ្ឋសភា​ដូច​ជា លោក សម រ​ង្ស៊ី លោក កឹ​ម សុខា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​ផ្សេង​ទៀត​នោះ គ្រឿង​ឥស្សរិយយស​ទាំងអស់​នៅ​តែ​រង់ចាំ​ម្ចាស់​ជា​និច្ច​។

លោក សុខ ឥ​សាន ថ្លែង​ទៀត​ថា ការ​អវត្តមាន​សមាជិក​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មក​ពី​ជាប់​បេសកកម្ម ហើយ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​ទទួល​គ្រឿង​ឥស្សរិយយស​នោះ​មានការ​ប្រញាប់ ដោយ​មិន​មានការ​គ្រោងទុក​។ ជាមួយ​គ្នា​នេះ ចំពោះ​ការ​ការ​បំពាក់​គ្រឿង ឥស្សរិយយស​ដល់​សមាជិក​សភា គឺ​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ ចំពោះ​គ្រឿង​ឥស្សរិយយស​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន មិន​មាន​ព្រះមហាក្សត្រ​បំពាក់​ជូន​ទេ គឺ​ទទួលយក​តែ​ម្តង ។

ទាក់ទង​នឹង​ការ​មក​ទទួល​គ្រឿង​ឥស្សរិយយស​របស់​សមាជិក​សមាជិកា​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវ​បាន​លោក សុខ ឥ​សាន ថ្លែង​ថា មក​ពី​គណបក្ស​ទាំង​២​ឯកភាព​គ្នា ក្នុង​ការ​រួម​គ្នា​ធ្វើការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​។ ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក​សភា​នា​ពេល​នេះ ក៏​មានឈ្មោះ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ដែរ ប៉ុន្តែ​ចំពោះ​ថា​គាត់​មក​ទទួល ឬ​មិន​ទទួល​នោះ​ជា​រឿង​របស់​គាត់ ។

លោក សុខ ឥ​សាន ដែល​ក៏​ជា​សមាជិក​រដ្ឋសភា​ផង​ដែរ ថ្លែង​ទៀត​ថា ការ​ស្នើ​សុំ​គ្រឿង​ឥស្សរិយយស​នោះ​ត្រូវ​បាន​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​មុន​លោក សម រ​ង្ស៊ី ត្រូវ​បាន​សមាជិក​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដក​អភ័យឯកសិទ្ធិ ។

ចំណែក​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ទោះបីជា​លោក សម រ​ង្ស៊ី កំពុង​ស្ថិត​ក្នុង​ភាព​ជា​ទណ្ឌិត​យ៉ាងណា​ក្តី ចំពោះ​គ្រឿង​ឥស្សរិយយស​នោះ ត្រូវ​តែ​រក្សា​ទុក​ឲ្យ​គាត់​ដដែល ។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​កាលណា​យើង​ដក​គ្រឿង​ឥស្សរិយយស​ទុក​នោះ​មាន​ន័យ​ថា ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ជា​អ្នក​ខុស »៕