លី​ក​បាល់ទាត់​កំពូល​សម្រាប់​2016​អត់​មានPlay-Off ទៀត​ទេ ខណៈ​លី​ក​លំដាប់​ទី​2 តម្រូវ​ឱ្យ​ប្រើ​កីឡាករ U21 ពាក់កណ្ដាល

យោង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​មានការ​ចូលរួម​ពី​តំណាង​ក្លិប​ទាំងអស់​មក​ពី​ទូ​ទាំង​ប្រទេស​ឱ្យ​ដឹង​ថា នៅ​រដូវ​កាល​២០១៦ ការ​ប្រកួត​នៅ​ក្នុង​លី​ក​កំពូល​កម្ពុជា ក្រុម​កំពូល​តារាង​ទាំង​៤ នឹង​មិន​ប្រើ​រូបមន្ត​Play-Off​ដូច​ឆ្នាំ​២០១៥​ទៀត​ទេ​ពោល​គឺ​ក្រុម​ណា​បញ្ចប់​ជុំទាំង​២​ជើងមាន​ពិន្ទុ​ច្រើន​ជាងគេ​នឹង​លើក​ពាន​តែ​ម្ដង ។

ក្នុង​រដូវ​កាល​២០១៥ ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ក្រុម​បឹង​កេ​ត​អង្គរ​ប្រកួត​២​ជុំ​មាន​ពិន្ទុ​ច្រើន​ជាងគេ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប៉ុន្តែ​ពាន​ជើងឯក​បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​ភ្នំពេញ​ក្រោ​ន តាម​រយៈ​រូបមន្ត Play-Off ដោយសារ​ក្រុម​បឹង​កេ​ត​អង្គរ ភ្លាត់ស្នៀត​លេង​ចាញ់​ក្រុម​លេខ​៤ ណា​ហ្គា​វើ​ល ៣-៤ ស្រប​ពេល​ដែល​ក្រុម​លេខ​២​ភ្នំពេញ​ក្រោ​ន ប្រកួត​ឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ ៦-២ ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ណា​ហ្គា​វើ​លលេង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៣-១ ក្រោយ​លេង​ស្មើគ្នា​៣-៣ ។

ព្រម​ពេល​ជាមួយ​គ្នា​នេះ​លី​ក​លំដាប់​ទី​២​របស់​កម្ពុជា​គ្រោង​លេច​រូបរាង​នៅ​ឆ្នាំ​២០១៦​ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​៦​ក្លិប​ក្នុង​ដំណាក់កាល​ដំបូង ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្លិប​ណាខ្លះ​នៅឡើយ​ទេ​។ តាម​គម្រោង លី​ក​លំដាប់​ទី​២​នេះ មិន​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​បរទេស​ទេ​និង​តម្រូវ​ឱ្យ​ដាក់​កីឡាករ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ ចូល​លេង​យ៉ាងតិច​៥០​ភាគរយ ឯ​៥០​ភាគរយ​ទៀត​មិន​កំណត់​អាយុ ។ កម្មវិធី​ប្រកួត​នឹង​ធ្វើ​ឡើងជា​លក្ខណៈ​ក្នុង​ដី​-​ក្រៅ​ដី (Home/Away) ដូច​លី​ក​លំដាប់​ទី​១​ដែរ ៕