Apple ទាមទារ​​សំណង​ពី​ Samsung ១៨០​លាន​ដុល្លារ​បន្ថែម​ទៀត​​លើ​ជម្លោះ​ប៉ាតង់​


Apple ទាមទារ​​សំណង​ពី​ Samsung ១៨០​លាន​ដុល្លារ​បន្ថែម​ទៀត​​លើ​ជម្លោះ​ប៉ាតង់​

ក្រុមហ៊ុន​ Apple បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ​ដើម្បី​ឲ្យ​​​​ក្រុមហ៊ុន​ Samsung ​ផ្ដល់​សំណង​​បន្ថែម​ទៀត​លើ​ជម្លោះ​ប៉ាតង់​​ ​បន្ទាប់​ពី​បាន​ឈ្នះ​ក្ដី​ជា​មួយ​​​នឹង​គូ​ប្រជែង​ក្នុង​ជំនួញ​ស្មាតហ្វូន​ដ៏​ធំ​​នេះ​កាល​ពី​ពេល​កន្លង​ទៅ។

 

Apple ទាមទារ​​សំណង​ពី​ Samsung ១៨០​លាន​ដុល្លារ​បន្ថែម​ទៀត​​លើ​ជម្លោះ​ប៉ាតង់​

 

 

អត្ថន័យ​ក្នុង​លិខិត​បណ្ដឹង​​ ក្រុមហ៊ុន​ Apple បានលើក​ឡើង​ថា ​​ក្រុមហ៊ុន​ Samsung នៅ​ជំពាក់​​សំណង​ជា​ទឹក​ប្រាក់​ក្បែរ​១៨០​លាន​ដុល្លារ​បន្ថែម​ទៀត​ចំពោះ​​​ថ្លៃ​ខូចខាត​និង​​ការ​ប្រាក់។ ថ្លៃ​ខូច​ខាត​នេះ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​​ផលិតផល​ Samsung ចំនួន​ប្រាំ​ដែល​បាន​រំលោភ​បំពាន​សិទ្ធិ​ប៉ាតង់​របស់​ Apple ហើយ​នៅ​តែ​​​បន្ត​ចេញ​លក់​ទោះ​បី​ជា​មាន​ការ​ប្រកាស​សាល​ក្រម​រួច​ហើយ​ក្ដី។

 

សំណង​ទឹក​ប្រាក់​ក្បែរ​ ១៨០​លាន​ដុល្លារ ​​ដែល​ក្រុមហ៊ុន​ Apple បាន​ទាម​ទារ​នេះ​គឺ​ផ្អែក​ទៅ​លើ​ចំនួន​លក់​​​សរុប​នៃ​​ផលិតផល​ទាំង​ប្រាំ​ម៉ូដែល​នោះ​​ ដែល​​ចំនួន​នេះ​ផ្ដល់​ជូន​​ដោយ​ក្រុមហ៊ុន​ Samsung ផ្ទាល់។

 

ប្រសិន​បើ​ Apple​ បន្ត​ឈ្នះ​ក្ដី​មួយ​​នេះ​ ​មាន​ន័យ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​ ផ្ដល់​សំណង​ជា​ទឹក​ប្រាក់​សរុប​ជាង​​៧៣០​លាន​ដុល្លារ។ យ៉ាង​ណា​ក្ដី​​ចំនួន​នេះ​​នៅ​តិច​ជាង​ប្រាក់​ចំណេញ​ដែល​​​ក្រុមហ៊ុន​ Samsung ​រក​បាន​នា​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ឆ្ងាយ​ណាស់។

 

Apple ទាមទារ​​សំណង​ពី​ Samsung ១៨០​លាន​ដុល្លារ​បន្ថែម​ទៀត​​លើ​ជម្លោះ​ប៉ាតង់​ទាំង​នេះ​ជា​​ផលិត​ដែល​ Apple ធ្វើ​ការ​ប្ដឹង​ Samsung លើ​ជម្លោះ​​សិទ្ធិ​ប៉ាតង់​

 

​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​សាលាដំបូង​​​រដ្ឋ​កាលីហ្វ័រញ៉ា​​បាន​សម្រេច​​ឲ្យ​ Samsung ចាញ់​ក្ដី​​និង​បង់​ថ្លៃ​ខូចខាត​ដល់​​ក្រុមហ៊ុន​ Apple ជាង​៥៤៨​លាន​ដុល្លារ​ លើ​ជម្លោះ​ប៉ាតង់​ដែល​បាន​​អូស​បន្លាយ​ពេល​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ៕ ​

ចុច​អាន៖ Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Reuters, AppleInsider​​​​​​​