​រថយន្ត​តាក់ស៊ី បុក​ម៉ូតូ​ដឹកឈើ ស្លាប់​ម្នាក់ របួស​ម្នាក់ នៅ​ក្រុងប៉ៃលិន​

ប៉ៃលិន: ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត របួសស្រាល ក្នុងករណី​គ្រោះថ្នាក់ ចរាចរ​បង្កឡើង រវាង​រថយន្ត​តាក់ស៊ី បុក​ម៉ូតូ​ដឹកឈើ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៃ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ខឹម ស៊ី​នេ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ  រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ចាន់ សារឿន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ រងរបួស​ស្រាល (​រត់គេចខ្លួន​ក្រោយ​កើតហេតុ​) រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ លិ​ន ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​តាក់ស៊ី (​រត់គេចខ្លួន​ក្រោយ​កើតហេតុ​)​។ ចំណែក​រថយន្ត​ខូចខាត​ធ្ងន់ ។ ហេតុការណ៍​នេះ បណ្តាលមកពី កត្តា​មនុស្ស​បើកបរ​មិន​ប្រកាន់​ស្ដាំ ។​

​បច្ចុប្បន្ន វត្ថុតាង​ត្រូវបាន​រក្សាទុក នៅ​ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន ដើម្បី​ស្រាវជ្រាវ​បន្ត និង​រង់ចាំ​ការ​ដោះ​
​ស្រាយ​គ្នា ជា​ក្រោយ​តាមច្បាប់ ។ ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន ទៅ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕V​/S