សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៣​ពាន់​នាក់ ចុះចូល​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​

ភ្នំពេញ:  មន្ត្រីជាន់ខ្ពស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មាន​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជិត ៣០០០​នាក់ បានមក​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយសារតែ​អស់ជំនឿ​លើ​ការដឹកនាំ​របស់លោក​ស​ម រង្ស៊ី និង​លោក​កឹម សុខា រួមទាំង​មន្ត្រី​មួយចំនួន ដែល​ប្រកាន់​បក្ខពួក​គ្រួសារនិយម​។​
​    ​
​លោក អ៊ុក ស៊ុយ អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អតីត​សមាជិក​គណៈកម្មការ​នា​យក​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា សមាជិក សមាជិក និង​សកម្មជន​សកម្ម រួមទាំង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​បណ្តា​ខេត្ត​មួយចំនួន បានមក​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គឺ​រហូតមក​ដល់ពេលនេះ មាន​ចំនួន ២៨៥០​នាក់​។
​    ​
​លោក​បាន​បញ្ជាក់ថា ចំនួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នៅតាម​បណ្តា​ខេត្ត​មួយចំនួន មាន​រួមមានៈ​១.​ខេត្តបាត់ដំបង ២.​ខេត្តបន្ទាយមានជ័យ ៣.​ខេត្តកំពង់ធំ ៤.​ខេត្តតាកែវ ៥.​ខេត្តកំពង់ឆ្នាំង ៦.​ខេត្តកំពង់ចាម ៧.​ខេត្ត​ត្បូងឃ្មុំ ៨.​ខេត្តកំពត ៩.​ខេត្តព្រៃវែង និង​មាន​ខេត្ត​មួយចំនួនទៀត​។ អ្នក​ដែល​មកនេះ គឺជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ខេត្ត ក្នុង​តំណែង និង​សកម្មជន​សកម្ម​។​
​    ​
លោក​អ៊ុក ស៊ុយ បាន​លើកឡើងថា ការដែល​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជា​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​ពួកគាត់​អស់សង្ឃឹម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ថ្នាក់​ដឹក​ក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គោលជំហរ​ច្បាស់លាស់ ដឹកនាំ​តាមរបៀប​គ្រួសារនិយម បក្ខពួកនិយម ដោយ​ពួកគាត់​យល់ឃើញថា ការដឹកនាំ​របៀប​បក្ខ​ពួកនិយម គ្រួសារនិយម​នះ​ហើយ បានជា​ពួកគាត់​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​    ​
ចំណែក​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានមានប្រសាសន៍ ឲ្យ​ដឹងថា នៅពេល​ជិត​បោះឆ្នោត​មកដល់​តែងតែមាន​ការចេញចូល វា​ស្ទើរតែ​ក្លាយទៅជា​វប្បធម៌​ទៅហើយ និង​ជិត​បោះឆ្នោត​កណ​បក្ស​ថ្មី​ក៏​ចាប់ផ្តើម​បង្កើតឡើង​ព្រោងព្រាត ហើយ​នៅពេល​បើ​ឆ្នោត​ហើយ ក៏​ដេក​ទៅវិញ​។ អ្នក​ដែល​ចាក​ចេញទៅ គាត់​តែងតែ​លើក​ហេតុផល​ពន្យល់​ការពារ​អ្វីដែល​គាត់​ចាកចេញ​។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​៕​