នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣០ នៅ​ខេត្តរតនគិរី និង​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​ខេត្តតាកែវ​

ភ្នំពេញ: ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀន តឹង​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចន្លោះ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាប់​និង​ច្រកទ្វារព្រំដែន​ប្រទេស​វៀតណាម ក្នុងស្រុក​ដាក់​កឺ និង​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​។​

តាម​កម្មវិធី បន្ទាប់ពី​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ខេត្តរតនគិរី រួច សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ង្វៀន តឹង​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​ទៅ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ​។​

​បង្គោល​ព្រំដែន​លេខ​៣០ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បានចាប់ផ្តើម​សាងសង់ កាល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ចំណែក​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ បាន​បើកសម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សូមជម្រាបថា ការបោះបង្គោល​ព្រំដែន​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បោះ​បាន​ចំនួន ៣១០​បង្គោល លើ ៣៧៥ បង្គោល នៅ​លើដី​ជាក់ស្តែង​៕​