មានការ​អំពាវនាវ​ឲ្យ​នគរបាល​ចរាចរណ៍​អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦

នៅក្នុង​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវស្លាប់​បាត់បង់​ជីវិត រាប់ម៉ឺន​នាក់​រងរបួស​និង​ក្លាយទៅជា​ជនពិការ​គួរ​ឲ្យ​សង្វេគ​។ ដូច្នេះ​ការដែល​នគរបាល​ចរាច​រណ៍​ទូទាំងប្រទេស​ចាប់ផ្ដើម​រឹត​បន្តឹង​អនុវត្តន៍​ច​រា​រា​ចរណ៍​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ មជ្ឈដ្ឋាន​នានា​សង្ឃឹមថា គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឆ្នាំ​២០១៦​នឹងមាន​ការថយចុះ​ជាមិនខាន​។ អ្វីដែល​សំខាន់បំផុត​គឺ​នគរបាល​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ត្រូវ​អនុវត្តន៍​តាមច្បាប់​ចរាចរណ៍​ពិតប្រាកដ ហើយ​មិន​ឈ្លាត​ឱកាស​ប្រើ​តួនាទី​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ផលប្រយោជន៍​នោះទេ​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ អង្គការ​រ​មូលនិធិ​បង្ការ​របួស​អាស៊ី​ហៅ​កាត់​ថា​អេ​.​អាយ​.​ភី​(AIP) បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​អាត្រា​ស្លាប់​និង​របួស​ក្បាល​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ការបង្ហាញ​កង្វល់​នេះ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ពង្រឹងសមត្ថភាព​ដល់​តំណាង​អង្គភាព​សារព័ត៌មាន​ចំនួន​៤០​ស្ថាប័ន កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​២០១៥​យ៉ាងតិច​មាន​មនុស្ស​៦​នាក់​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អាច​បន្ត​កើនឡើង​ថែមទៀត​ប្រសិនបើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅមានកម្រិត​។ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នាំ​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ គឺ​អ្នកជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ទោះ​ធ្វើដំណើរ​នៅ​ទីជិត​ឬ​ទី​ឆ្ងាយ​ក៏ដោយ​មិនត្រូវ​ធ្វេសប្រហែស​នោះទេ​។

តាម​ការកំណត់​គឺ​ការពង្រឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ហើយ​សេចក្ដីជូនដំណឹង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផងដែរ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​ព្រួយបារម្ភ​ខ្លាចក្រែង​នគរបាល​ចរាចរណ៍​មួយចំនួន​មិន​អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​និង​តួនាទី​របស់ខ្លួន ហើយ​បែរជា​ឆ្លៀតឱកាស​ស្វែងរក​ផលប្រយោជន៍​នៅពេល​អនុវត្តន៍​ច្បាប់​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​តាមដាន​សកម្មភាព​រប​ស់​នគរបាល​ចរាចរ​ណ៍​ក្នុងពេល​អនុវត្តន៍​ច្បាប់​ផងដែរ​។ ជាងនេះទៅទៀត​នគរបាល​ចរាចរណ៍​គួរ​អនុវត្តន៍​តួនាទី​របស់ខ្លួន​ក្នុង​ការរក្សាសន្តិសុខ​និង​សណ្ដាប់ធ្នាប់​នៅលើ​ដងផ្លូវ ហើយ​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រព្រឹត្ត​អំពើពុករលួយ​តាម​ដងផ្លូវ​ដូច​អ្វីដែល​កើតមាន​នាពេល​កន្លងមក​៕

M08-12-15-b2 3711