ព្រឹទ្ធសភា អនុម័ត សេចក្ដី ព្រាងច្បាប់ចំនួន២ មានវត្តមានបក្សប្រឆាំង

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានសម្រេចអនុម័ត សេចក្ដីព្រាង ច្បាប់សំខាន់ៗចំនួន២ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅមុននេះ បន្តិចបានឲ្យដឹងថា “សេចក្ដីព្រាងច្បាប់ចំនួន២ ដែលព្រឹទ្ធសភា បានសម្រេចអនុម័តដោយសំឡេងគាំទ្រ៥០សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល នៅព្រឹកថ្ងៃទី ២៥ ធ្នូ នេះរួមមាន៖ ១.សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូល កិច្ចព្រមព្រៀងស្ដីពីសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស និង ទី២.សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន”។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រម ព្រៀង ស្ដីពីសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស និង សេចក្ដីព្រាង ច្បាប់ស្ដីពី ការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេង គាំទ្រ១០១នៃសភាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ នាសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥៕