រសៀលនេះ ​«គណបក្សកម្ពុជាសេរីភាព» ​សូត្រមន្តបើកទីស្នាក់​ការកណ្តាល​នៅសង្កាត់ភ្នំពេញថ្មី

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពីសម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ​ ​"គណបក្ស​កម្ពុជា​សេរីភាព"​កាលពីថ្ងៃទី២១ ធ្នូ ​២០១៥នោះរួចមក  "​គណបក្ស​កម្ពុជាសេរីភាព" ​ដែលមានលោកបណ្ឌិតសាស្រ្តាចារ្យ ​ជា ចំរើន ​ជាប្រធាន ​នឹងរៀបចំពិធីសូត្រមន្ត​បើកសម្ពោធ​ទីស្នាក់​​ការ​កណ្តាល​​ នៅវេលាម៉ោង២រសៀលថ្ងៃទី២៥ ធ្នូ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា​ ​ទីស្នាក់ការកណ្តាលរបស់​គណបក្សកម្ពុជាសេរីភាព ​មានទីតំាងស្ថិតនៅផ្ទះលេខ២៥៣​ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា ​កាលពីថ្ងៃទី១៨ វិច្ឆិកា​ ២០១៥​ អតីតតំណាងរាស្រ្តគណបក្សប្រជាជន​កម្ពុជានិងសមាជិក​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ​លោកបណ្ឌិតសាស្រ្តាចារ្យ ជា ចំរើន ​បានដាក់លិខិតសុំលាលែងពី​គណបក្សប្រជាជនកម្ពុជា​ បន្ទាប់ពីរួមរស់ក្នុងជីវភាព​នយោបាយជាមួយគណបក្សនេះ​តំាងពីឆ្នាំ១៩៩៣ ​។ រយៈពេលពីរ​ថ្ងៃ​បន្ទាប់ពី​ដាក់លិខិត​លាលែងជូនសម្តេចតេជោ​ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា​ ពោលគឺនៅថ្ងៃទី២០ វិច្ឆិកា​ ​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​អគ្គលេខាធិការ​គណបក្ស​ប្រជាជនកម្ពុជា​ ក៍បានចុះហត្ថលេខា​យល់ព្រមឲ្យលោកបណ្ឌិត ​ជា​ ចំរើន​ ​ចាកចេញពីគណបក្ស​ ។

ក្រោយការចាកចេញពី​គណបក្សប្រជាជនកម្ពុជាជាផ្លូវការ​ លោកបណ្ឌិតសាស្រ្តាចារ្យ ​ជា ចំរើន ​បានប្រកាសនិងបញ្ជាក់ក្នុង​សន្និសីទកាលពីរ​សៀលថ្ងៃទី២៥ វិច្ឆិកាថា  មូលហេតុដែល​លោកចាកចេញពីគណបក្សប្រជាជនកម្ពុជា​ ដោយសារនៅក្នុងគណបក្ស​ប្រជាជនកម្ពុជាលោកមិនអាច​និយាយអ្វីបានទំាងអស់ ​លោកស្រឡាញ់​យុត្តិធ៌ម​សង្គម សេរីភាព​ ស្អប់ខ្ពើមបក្ស​ពួកនិងអំពើពុករលួយ ។

លោកបានបញ្ជាក់ក្នុង​សន្និសីទ​កាសែត​ទៀតថា​​ ​ការ​ទៅបង្កើតគណបក្សនយោបាយថ្មីនេះ ​ក៍មិនធ្វើតាមបញ្ជារបស់​គណបក្សប្រជាជនកម្ពុជានោះដែរ ចំណុចនេះ​លោក​ហ៊ានស្បថ​នោះថែមទៀត ។

អតីតមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា​រូបនេះបញ្ជាក់ទៀតថា​ គណបក្សកម្ពុជាសេរី ​មានគោលនយោបាយសំខាន់ៗ​​មួយចំនួនដូចជា ​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​​យល់​ពី​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិសេរីភាព​​ កែប្រែ​ប្រព័ន្ធយុត្តិធម៌​​ ពង្រឹង​វិស័យ​កសិកម្ម​ និង​ដោះស្រាយ​បញ្ហា​​ប្រាក់ខែ​កម្មករជាដើម​ ។​

ពាក់ព័ន្ឋនឹង​ប្រព័ន្ធយុត្តិធម៌ ​លោកសាស្រ្តចារ្យបណ្ឌិត ​ជា ចំរើន ​បាន​ប្រកាសក្នុងសន្និសីទកាសែតទៀតថា​ រូបលោកនឹង​ស្វះ​ស្វែង​រក​ដំណោះស្រាយ​យ៉ាងណា​ ដើម្បី​លើក​លែងទោស​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ​ដោយ​ភាពអយុត្តិធម៌​ទាំងអស់​នៅ​ទូទាំងប្រទេស​ ប្រសិនបើ​គណបក្ស​កម្ពុ​ជា​​សេរីភាព​​របស់លោក​ទទួល​បាន​អាសនៈ​​ក្នុង​រដ្ឋសភានា​អាណត្តិ​​ទី​៦ ​ឆ្នាំ​២០១៨ខាងមុខ​ ៕