សម្តេចតេជោ​អំពាវនាវដល់ស្ថាប័ន​ពាក់ព័ន្ឋទំាងជាតិ​និងអន្តរជាតិរួមគ្នា​ជួយកុមារកំព្រា​ អ្នកផ្ទុកមេរោគ​អេដស៍​និងទុរគតជន

រាជធានីភ្នំពេញ ៖ ​​នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)​ Page ​ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ ​មានខ្លឹមសារ ទំាងស្រុងថា ​"នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ​ឆ្នាំ២០១៥​នេះ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុនរ៉ានី ហ៊ុនសែន ​បានអញ្ជើញទៅ សាក​សួរសុខទុក្ខ ​និងចែកអំណោយដល់កុមារក្មេងកំព្រា ​សិស្សិ និស្សិត ​អ្នកផ្ទុកមេរោគអេដស៍ ​និងជនចាស់ជរាគ្មានទីពឹង ​ចំនួន៥១៣នាក់ ​មកពីបណ្តាខេត្តនានា ។

ដែលពិធីនេះ​ត្រូវបានធ្វើឡើងនៅអង្គការ​សង្រ្គោះជនអស់សង្ឃឹម ​មណ្ឌលទី១ ​ស្ថិតនៅភូមិលិចវត្ត ​សង្កាត់កំបូល ​ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា ​រាជរដ្ឋាភិបាល ​តែងតែគិតគូរដោះស្រាយ​បញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋកម្ពុជា ​ជាពិសេសកុមារកំព្រា​ ក្រីក្រ និង​ប្រជាពលរដ្ឋដែល​ជួបការលំបាកក្នុងជីវភាព ​តាមរយ:ការជួយទំនុកបំរុងផ្នែកជីវភាព​ ធ្វើយ៉ាងណាអោយការរស់​នៅរបស់ពួកគាត់​ ទទួលបាននូវភាពល្អប្រសើរ ។

តបតាមការសំណូមពរ​ពីលោកស្រីដែលជាប្រធានអង្គការ ​ជនអស់សង្ឃឹមនេះ ​សម្តេចក៏បានសំរេច ​ ផ្ដល់ផ្លូវកៅស៊ូ១ខ្សែ​ប្រវែង៩ km ​ចាប់ពីផ្លូវជាតិមកអង្គការនេះ ​ដើម្បី​ងាយស្រួលទាំងអង្គការផង​ និងប្រជាពលរដ្ឋក្នុងតំបន់នេះផង ​ហើយគំរោងនេះ ​សាលារាជធានីភ្នំពេញជាអ្នកទទួលសាងសង់​ ​។ ជាមួយគ្នានោះ ​សម្តេចក៏បានផ្តល់​តាម​សំនូមពរទៀតផងដែរ​ នូវការបើកកន្លែង​សំរាប់មើលថែក្មេងបន្ថែមទៀត​ ដើម្បីងាយស្រួលក្នុង​ការគ្រប់គ្រងរបស់អង្គការ ។

ហើយទាក់ទងនឹងការសិក្សាអប់រំវិញនោះ​ សម្តេចនឹងផ្តល់ជូនអង្គការនូវ​អគាសិក្សា១ខ្នង ​២ជាន់ ៨បន្ទប់បន្ថែមទៀត ​សំរាប់សិក្សារបស់កុមារ​ក្នុងមណ្ឌលនេះ និងកុមារ​ក្នុង​តំបន់នេះផងដែ ។

សម្តេចតេជោ ​ហ៊ុន សែន ​បានស្នើឱ្យស្ថាប័នពាក់ព័ន្ឋ ​និងអង្គការជាតិ អន្តរជាតិទាំងអស់ ​ត្រូវចូលរួមចំណែកឱ្យបានខ្លាំងក្លាបន្ថែមទៀត​ ជាមួយនឹងរាជរដ្ឋាភិបាល​ក្នុងការរួម​ចំណែកជួយដល់​កុមារកំព្រា ​ អ្នកផ្ទុកមេរោគអេដស៍ ​និងទុរគតជន ​ធ្វើយ៉ាងណាដើម្បីផ្ដល់នូវក្តីសង្ឃឹម ​អោយពួកគាត់និងអោយ​ជីវិតពួកគាត់កាន់តែ​មានភាពងាយស្រួល ។

នាឱកាសនោះ ​សម្ដេច តេជោ ហ៊ុន សែន និង ​សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ​បានអញ្ជើញសាកសួរសុខទុក្ខដល់កុមារកំព្រា ​ទុរគតជន ទាំងអស់ ​និងរៀបចំផ្តល់អាហារ​មួយ​ពេលយ៉ាងឆ្ងាញ់ពិសារ​សំរាប់ពួកគាត់ទៀតផង "៕