​ទំនាស់​រឿង​កាត​គ្រី​ម៉ូតូ ប្អូនថ្លៃ​កាប់​បងថ្លៃ ៣​ពូថៅ រងរបួស​ធ្ងន់ នៅ​ស្រុក​ថ្មពួក

បន្ទាយមានជ័យ: រឿង​ទំនាស់​កាត​គ្រី​ម៉ូតូ ប្អូនថ្លៃ​ទាញ​ពូថៅ កាប់​បងថ្លៃ​ចំនួន ៣​ពូថៅ រងរបួស​ធ្ងន់ ដេកពេទ្យ​។ ចំណែក​ជនដៃដល់ ត្រូវ​កម្លាំង​នគរបាលចាប់​ឃាត់ខ្លួន បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅថ្ងៃនេះ ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​
​មានជ័យ ។​

​បើតាម​មន្ត្រីនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ ជា​បងថ្លៃ​ប្រុស ឈ្មោះ មុំ សី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនដៃដល់ ជា​ប្អូនថ្លៃ​ប្រុស​ឈ្មោះ ជេស ចេ​វ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា​៖ ដើមហេតុ​ដែល​នាំ​ឲ្យ ផ្ទុះ​ហិង្សា​កើតឡើង​នេះ ដំបូង ជនរងគ្រោះ និង​ជនដៃដល់ ដែលជា​បងថ្លៃ​-​ប្អូនថ្លៃ បាន​មានទំនាស់​ឈ្លោះ​
​ទាស់ទែង​ពាក្យសំដី​គ្នា ពី​រឿង​កាត​គ្រី​ម៉ូតូ ដោយ​ប្អូនថ្លៃ សុំ​ម៉ូតូ និង​កាត​គ្រី​ម៉ូតូ​របស់ខ្លួន​មកវិញ ព្រោះ​មិន​ទុកចិត្ត​បងថ្លៃ ក្រែង​ជិៈ​ម៉ូតូ​យកទៅ​បាត់​។ តែ​បងថ្លៃ​ឲ្យ​​តែ​ម៉ូតូ ទុក​កាត​គ្រី ហើយក៏​កើតជា​ជម្លោះឈាន​ការ​ប្រវាយប្រតប់​គ្នា ។​

​ពេលនោះ ស្ត្រី​ជា​ម្តាយក្មេក ក៏ដូចជា​ម្តាយបង្កើត ឈ្មោះ បុ​ត ឡោ​យ ដែល​កំពុងមាន​ជម្ងឺ​ប្រចាំកាយ​ផង​នោះ ក៏​ចុះពីលើផ្ទះ​មកឃាត់ កុំ​ឲ្យ​បងប្អូន​ឈ្លោះ​ទាស់​ទែង​គ្នា នាំ​ឲ្យ​ថ្លង់​អ្នកជិតខាង​។ ពេលនោះ ឈ្មោះ មុំ សី ក៏បាន​ច្រាន​ម្តាយក្មេក ឲ្យ​ដួល បន្ទាប់មក ឈ្មោះ ជេស ចេ​វ ដោយ​ឃើញ​បងថ្លៃ​ច្រាន​ម្តាយ​ឲ្យ​ដួល ក៏​ផ្ទុះ​កំហឹង​កាន់តែខ្លាំង ក៏​ចាប់ទាញ​ពូថៅ នៅលើ​គោយន្ត​កន្ត្រៃ មក​កាប់​ចំនួន ៣ ពូថៅ បណ្តាល​ឲ្យ​ត្រូវរបួស ៤ កន្លែង ត្រូវចំ​ក្រោយខ្នង ១​កន្លែង ស្មា​១​កន្លែង និង​ដៃ​ផ្នែក​ខាងស្តាំ ២​កន្លែង ។

​ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភូមិ​ថ្មី បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ និង​ចាប់​ឃាត់ខ្លួន ជនដៃដល់ មក​សួរនាំ និង​រៀប​សំណុំរឿង បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ថ្មពួក ៕V​/S

​ទំនាស់​រឿង​កាត​គ្រី​ម៉ូតូ ប្អូនថ្លៃ​កាប់​បងថ្លៃ ៣​ពូថៅ រងរបួស​ធ្ងន់ នៅ​ស្រុក​ថ្មពួក

​ទំនាស់​រឿង​កាត​គ្រី​ម៉ូតូ ប្អូនថ្លៃ​កាប់​បងថ្លៃ ៣​ពូថៅ រងរបួស​ធ្ងន់ នៅ​ស្រុក​ថ្មពួក