ជប៉ុន ផ្តល់​ជំនួយឥតសំណង ជាង​២​សែន​ដុល្លារ ដល់​កម្ពុជា​

ភ្នំពេញ: ក្រោម​គ្រោងការណ៍ នៃ​ជំនួយ​ឧបត្ថម្ភ ឥត​សំណង សម្រាប់​គម្រោង​របស់ អង្គការ ក្រៅរដ្ឋាភិបាល​ជប៉ុន រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ទឹកប្រាក់ សរុប​ចំនួន ២០០.៣៣៩ ដុល្លារ ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត (SVA) សម្រាប់​អនុវត្ត​គម្រោង លើកកម្ពស់​មជ្ឈមណ្ឌល សិក្សា​សហគមន៍ នៅតាម​ជនបទ ក្នុងប្រទេស​កម្ពុជា ជំហាន​ទី​បី​។

​កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ នា​ស្ថានទូត​ជប៉ុន ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក តា​ម៉ា​រិ គី​យ៉ូ​តា​កា នាយក​អង្គការ SVA ដើម្បី​អនុវត្ត "​គម្រោង​លើកកម្ពស់ មជ្ឈមណ្ឌល​សិក្សា​សហគមន៍ នៅតាម​ជនបទ ក្នុងប្រទេស​កម្ពុជា ជំហាន​ទី​បី​"​។​

​ក្នុងឱកាស​នោះ លោក​គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​មានប្រសាសន៍ថា ក្នុង​គម្រោង​នេះ អង្គការ SVA នឹង​សាងសង់​មជ្ឈមណ្ឌល សិក្សា​សហគមន៍ (CLC) ចំនួន​មួយ​ខ្នង ដែល​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខារ ក្នុង​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​ប្រជាជន​ជាង ៦៩.៣៦៨ នាក់ ក្នុង​ឃុំ​នេះ ដែល​អាច​បង្រៀន ឲ្យ​ចេះ​អាន និង​សរសេរ ដើម្បី​អនុវត្ត​ជំនាញ នៃ​ការរស់នៅ​របស់​ពួកគេ​។

​លោក​ឯកអគ្គរាជទូត បាន​បន្តថា មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ចំនួន​៥​កន្លែង នៅក្នុង​ខេត្ត ចំនួន​៣ ត្រូវបាន​សាងសង់ឡើង ក្រោម​ការអនុវត្ត​គម្រោង​ក្នុង​ឆ្នាំ​ទី​១ និង​ឆ្នាំ​ទី​២​។ ហើយ​មជ្ឈមណ្ឌល​សិក្សា សហគមន៍​ទាំងនេះ មិន​ត្រឹមតែ​ទទួលបាន ជំនួយ​ផ្នែក​រឹង​តែប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទទួល​នូវ ការពង្រឹង​ឡើង នូវ​ប្រព័ន្ធ រវាង​ក្រសួង​អប់រំ និង​មន្ទីរអប់រំ ហើយ​គណៈកម្មការ មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ដែលជា​ចំណុចកណ្តាល របស់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់ ក៏​ទទួលបាន​នូវ​ការបង្រៀន ពី​របៀប​គ្រប់គ្រង ដើម្បី​រៀបចំ​ជា​ប្រព័ន្ធ​មួយ សម្រាប់​ឯករាជ្យភាព របស់​មជ្ឈមណ្ឌល ក្រោយពេល​គម្រោង ត្រូវបាន​បញ្ចប់​។ ​អត្រា​ចូលរួម​សិក្សា ជា​មធ្យម​របស់​សាលា​អប់រំ អក្ខរាវិរុទ្ធ​ទូទៅ មាន​ចំនួន​ពី ២០​ភាគរយ ទៅ​៥០​ភាគរយ​។ រីឯ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ចំនួន​៣​មជ្ឈមណ្ឌល របស់​គម្រោង​នេះ មាន​អត្រា​ចូលរួម​សិក្សា ជា​មធ្យម​ចំនួន ៨៤ ភាគរយ​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​ថ្លែងបន្តថា ក្នុង​ឆ្នាំ​ទី​៣​នេះ មានការ​បើកសម្ពោធ នូវ​មជ្ឈមណ្ឌល CLC ថ្មី​មួយ នៅ​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​នឹងមាន​ថ្នាក់​បង្រៀន​អក្ខរកម្ម សម្រាប់​ប្រជាពលរដ្ឋ ប្រមាណ ៤.២៨១​នាក់ ជាពិសេស​ជួយ​ពួកគាត់​ឲ្ មានឱកាស​ក្នុងការ​សិក្សា ចំណេះវិជ្ជា​ទាក់ទង​ទៅនឹង វិស័យ​កសិកម្ម​ផងដែរ​។​

​សូមបញ្ជាក់ថា យោងតាម​ជំរឿន​ប្រជាជន​កម្ពុជា ឆ្នាំ​២០១៣ អត្រា​ចេះអក្សរ របស់​ខេត្តសៀមរាប ដែលជា​គោលដៅ​គម្រោង លើកកម្ពស់​មជ្ឈមណ្ឌល សិក្សា​សហគមន៍ នៅតាម​ជនបទ ក្នុងប្រទេស​កម្ពុជា​នេះ មាន​ចំនួន ៦៧,៤ ភាគរយ ហើយ​អត្រា​មធ្យម​ទូទាំងប្រទេស មាន​ប្រមាណ​ក្រោម ៦៩,៧ ភាគរយ​។​

​ជាមួយគ្នា​នោះដែរ លោក តា​ម៉ា​រិ គី​យ៉ូ​តា​កា នាយក​អង្គការ SVA ក៏បាន​មាន​ថ្លែង​ផងដែរ​ថា "​ខ្ញុំ​មាន​ជំនឿ យ៉ាង​មុតមាំ​ថា សហគមន៍ នឹង​អាច​ឈរលើ​គំនិត​ផ្តួចផ្តើម​ខ្លួនឯង ក្នុង​ការដឹកនាំ​គ្រប់គ្រង មជ្ឈមណ្ឌល​នេះ ដែល​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការអប់រំ ជំនាញ និង​ចំណេះដឹង សំដៅ​ក​លើកកម្ពស់​ជីវភាព រស់​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ​គ្រប់រូប​។ អង្គការ​សន្តិ​ស្ម័គ្រចិត្ត មាន​សុច្ឆន្ទៈ​យ៉ាងខ្លាំង ដែល​អាច​ចូលរួមចំណែក ក្នុង​កិច្ចការ ដ៏​មាន​សារសំខាន់​នេះ​"៕V​/S

ជប៉ុន ផ្តល់​ជំនួយឥតសំណង ជាង​២​សែន​ដុល្លារ ដល់​កម្ពុជា​

ជប៉ុន ផ្តល់​ជំនួយឥតសំណង ជាង​២​សែន​ដុល្លារ ដល់​កម្ពុជា​

ជប៉ុន ផ្តល់​ជំនួយឥតសំណង ជាង​២​សែន​ដុល្លារ ដល់​កម្ពុជា​

ជប៉ុន ផ្តល់​ជំនួយឥតសំណង ជាង​២​សែន​ដុល្លារ ដល់​កម្ពុជា​