រឿងអាស្រូវ​ពុករលួយ​របស់​នគរ​បាល​ខណ្ឌចំការមន ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនត្រូវ​មើលរំលង​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​នគរបាល​ខ​ណ្ឌ​ចំការមន​នោះទេ ហើយ​អធិការនគរបាល​ខណ្ឌ​ចំការមន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ជុំវិញ​បញ្ហា​នេះ​។ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនត្រូវ​បណ្ដោយ​ឲ្យ​អធិការនគរបាល​ខណ្ឌ​ចំការមន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​រឿងអាស្រូវ​របស់​នគរ​បាល​ខណ្ឌចំការមន ត្រូវបាន​ប្រជាពលរដ្ឋ​លាតត្រដាង​ជា​សាធារណៈ​រួចទៅហើយ​។ ជាពិសេស​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​លុបបំបាត់​អំពើពុករលួយ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ជាបន្ទាន់​។

តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែល​រងគ្រោះ​ដោយសារ​នគរបាល​ខណ្ឌ​ចំការមន ចាប់​ម៉ូតូ​អត់​ស្លាក​លេខ​ក៏ដូចជា​ម៉ូតូ​ជនរងគ្រោះ​ដែល​ក្រុម​ជនសង្ស័យ​វាយ​ប្លន់​មិនបាន​សម្រេច​ជាដើម ហើយ​ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​នោះ គឺ​ត្រូវ​មន្ត្រីនគរបាល​ជំរិត​យកលុយ​ក្នុង​ម៉ូតូ​១​គ្រឿង​ពី​២០០​ទៅ​៣០០​ឬ​រហូតដល់​៥០០​ដុល្លារ​តាម​ម៉ូតូ​ស៊េរី​ទាប​ឬ​ខ្ពស់​។ មន្ត្រីនគរបាល​តូចតាច​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​បង្ហើប​ថា ការដែល​ពួកគេ​ហ៊ាន​ធ្វើបែបនេះ​គឺមាន​ការបើក​ដៃ​ពី​លោក​អធិការ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បើ​គ្មាន​ការបើក​ដៃ​ពី​លោក​អធិការ​ទេនោះ គឺ​ត្រឹម​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឬ​កម្រិតធ្ងន់​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ទេ​។

អំពើពុករលួយ​របស់​មន្ត្រីនគរបាល​ខណ្ឌចំការមន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​ឬ​សម្ភារៈ​មានតម្លៃ​ផ្សេងៗ​រួចមកហើយ​នោះ បែរជា​មក​ខាតបង់​តាមរយៈ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​ខណ្ឌចំការមន​មួយ​ជាន់​ទៀត​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​បញ្ជាក់ថា ដោយសារ​ពួកគាត់​មិន​ចង់​មានរឿង​រ៉ាវ​វែ​ឆ្ងាយ​ឡើង​ចុះ​តុលា​ការនាំ​ឲ្យ​ខាត​ពេលវេលា ទើប​សុខចិត្ត​លាក់លៀម​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​ខណ្ឌចំការមន ក្នុង​ម៉ូតូ​១​គ្រឿង​ពី​២០០​ទៅ​៣០០​រហូតដល់​៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនត្រូវ​មើលរំលង​អំពើពុករលួយ​របស់​អធិការនគរបាល​ខណ្ឌ​ចំការមន តទៅទៀត​ទេ​ព្រោះ​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​រឿងនេះ ជា​សាធារណៈ​រួចទៅហើយ​៕

chhounsovann_305​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ chm