​លោក កឹម សុខា បញ្ជាក់​ពី​ប្រវត្តិ​តស៊ូ​នយោបាយ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​

ថ្មីៗ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបង្ហាញ​ពី​ប្រវត្តិ​តស៊ូ​នយោបាយ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​តាមរយៈ​ការផ្សព្វផ្សាយ​សៀវភៅ​មួយ​មាន​ឈ្មោះថា កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​។ លោក កឹម សុខា បាន​ពន្យល់ថា ការរៀបចំ​បង្ហោះ​ផ្សាយ​សៀវភៅ​ឈ្មោះ កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព គឺ​ដើម្បី​ជាការ​រំលឹក​ខួប​១០​ឆ្នាំ ៣១ ធ្នូ ២០០៥-៣១ ធ្នូ ២០១៥ នៃ​ការចាប់ខ្លួន​លោក ។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា សៀវភៅ កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​ដោយ សហការី​ជិតស្និទ្ធ​របស់លោក​ដើម្បី​កត់ត្រា​សកម្មភាព​ការងារ​បូជនីយកិច្ច​របស់លោក​ក្នុង​ដំណើរការ​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ជូន​ប្រជាពលរដ្ឋ​ខ្មែរ ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។ សៀវភៅ​នេះ បានរៀបចំ​បោះពុម្ពផ្សាយ នៅ​ខែមីនា ឆ្នាំ​២០០៦​។​

​សៀវភៅ​ឈ្មោះ កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព បាន​រៀបរាប់​ពី​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែលជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា លោក កឹម សុខា គឺជា​អ្នក​ពុះពារ​តស៊ូ​ដើម្បី សេរីភាព យុត្ដិធម៌ និង​ការរីកចម្រើន​របស់​ស​ង្គ​ម​ដោយ​សន្ដិវិធី ដោយ​គ្មាន​ការតក់ស្លុត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កាល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី លោក កឹម សុខា ត្រូវបាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​ចាប់​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពីបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦​។​

​គួរ​បញ្ជាក់ថា ការ​បង្ហោះ​ផ្សាយ​សៀវភៅ​ឈ្មោះ កឹម សុខា និង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព ចែកចេញជា ៣​ភាគ​៖ ភាគ​ទី​១-​ចាប់ពី ក្របសៀវភៅ មាតិកា រហូតដល់​ព្រឹ​ត្ដិ​ការណ៍​ព័ទ្ធចាប់​ខ្លួន​លោក កឹម សុខា ៣១-១២-០៥ ៤៧​ទំព័រ ។ ភាគ​ទី​២-​ចាប់ពី ព្រឹ​ត្ដិ​ការណ៍​ព័ទ្ធ​ចាប់ខ្លួន​លោក កឹម សុខា ៣១-១២-០៥ រហូតដល់ ការចុះ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គុក​ព្រៃ​ស ៥៧​ទំព័រ​។​ភាគ​ទី​៣-​ចាប់ពី​ការចុះ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គុក​ព្រៃ​ស រហូតដល់ ចប់ ៤៧​ទំព័រ​៕

1977425_1251729578177672_3833731134177865062_n 12391122_1251742854843011_7331074268049114614_n