ទូរទស្សន៍ PNN បង្ហាញ​គំនិត​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស​


ទូរទស្សន៍ PNN បង្ហាញ​គំនិត​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស​

ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា PNN នឹង​បង្ហាញ​គំនិត​ថ្មី​មួយ​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស ដោយ​ការ​អនុញ្ញាត​ឲ្យ​តា​រាល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​កម្មវិធី​ដោយ​ខ្លួន​ឯង។

 

នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ លោក ប៉ែន ចំ​រុង តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា នឹង​បង្កើត​កម្មវិធី​ពិសេស​មួយ​របស់​ខ្លួន ឈ្មោះ​ថា ជជែក​កម្សាន្ត (Chit Chat Show)។ កម្មវិធី​នេះ នឹង​មាន​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០ នាទី​យប់ ដែល​ប្រជុំ​ដោយ​តារា​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឡើង​មក​អង្រួន​អារម្មណ៍​ទស្សនិកជន​ឲ្យ​សប្បាយ​រីករាយ​ជា​មួយនឹ​ង​បទ​សម្ភាសន៍ ល្បែង​កម្សាន្ត និង​ការសម្តែង​ផ្សេងៗ។

 

ទូរទស្សន៍ PNN បង្ហាញ​គំនិត​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស​

 

ជាមួយ​គ្នា​នេះ តារា​ពហុ​ជំនាញ និង​ពិធីការនី​ល្បី អ្នក​នាង ខាត់ សុឃីម ក៏​មាន​កម្មវិធី​ពិសេស​មួយ​របស់​ខ្លួន​ផង​ដែរ ដែល​កម្មវិធី​នេះ នឹង​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង ៨:៣០ នាទី យប់។ នៅ​ក្នុង​កម្មវិធី​នេះ ទស្សនិកជន​នឹង​បាន​ឃើញ​វត្តមាន​តារា​ល្បី​ៗ​ចូល​ខ្លួន​មក​បង្ហាញ​បង​ប្អូន​សាច់​ញាតិ មិត្តភក្តិ និង​មនុស្ស​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ពួកគេ​ក៏​នឹង​ធ្វើ​ការ​រៀប​រាប់​ពី​ការងារ​សិល្បៈ រួម​ជាមួយ​នឹង​ភ្ញៀវ​កិត្តិយស​ពិសេស ក៏​ដូចជា​ចែក​រំលែក​ព័ត៌មាន​លម្អិត​ជុំវិញ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ផង​ដែរ។

 

ទូរទស្សន៍ PNN បង្ហាញ​គំនិត​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស​

 

ក្រៅ​ពី​ការ​បង្កើត​កម្មវិធី​ពិសេសៗ​នេះ​ហើយ ទូរទស្សន៍ PNN ក៏​នឹង​ធ្វើ​ការ​ផ្សាយ​កម្មវិធី​ព័ត៌មាន​ពេល​យប់​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន ក្នុង​ម៉ោង​ពិសេស​នេះ​ផង​ដែរ គឺ​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង​៨:៣០ នាទី​យប់។ នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​យប់​នេះ ទស្សនិកជន​នឹង​បាន​ជួប​ជាមួយ​និពន្ធ​នាយក​ព័ត៌មាន​ដ៏​ល្បី​នៅ​កម្ពុជា គឺ​លោក ប៉ែន បូ​ណា។

 

បន្ថែម​ពីលើ​ការផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​ព័ត៌មាន​ទូទៅ ទូរទស្សន៍ PNN ក៏​មាន​នូវ​កម្មវិធី​កម្សាន្ត ដែល​និយាយ​អំពី​រឿងរ៉ាវ​តារា​ល្បីៗ​ក្នុងស្រុក តារា​ហូលីវូដ និង​ព័ត៌មាន​ជុំវិញ​តំបន់​អាស៊ី។

 

ទូរទស្សន៍ PNN ក៏​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ផ្សាយ​ខ្សែ​ភាពយន្ត​ថ្ងៃ​ត្រង់​ចំនួន​២ នៅ​ចុង​ខែ​ធ្នូ​នេះផង​ដែរ។ ដោយ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ចាប់​ពី​​ម៉ោង ១១ ដល់​ម៉ោង​១២ ថ្ងៃ​ត្រង់ ទូរទស្សន៍​នឹង​ចាក់​ផ្សាយ​ភាព​យន្ត​ភាគ​ចិន​រឿង ស្រី​ឆ្នាស់​បេះដូង​ដែក និង​ម៉ោង ១២ ដល់​ម៉ោង​១ រសៀល ភាពយន្ត​ភាគ​ថៃ​រឿង ល្ខោន​ជីវិត ដែល​សម្តែង​ដោយ​អ្នកនាង ឈុម​ភូ អារិ​យ៉ា។ ខ្សែ​ភាពយន្ត​ភាគ​ទាំងពីរ នឹង​ចាប់ផ្តើម​ចាក់​ផ្សាយ​នៅ​សប្តាហ៍​នេះ និង​បន្ត​ចាក់​ផ្សាយ​នៅ​ខែ​មករា ឆ្នាំ​ក្រោយ៕

 

ទូរទស្សន៍ PNN បង្ហាញ​គំនិត​ថ្មី​នៃ​ការ​រៀបចំ​កម្មវិធី​ក្នុង​ម៉ោង​ពិសេស​

 

អត្ថបទ៖ ពាណិជ្ជកម្ម