ឥណ្ឌា និង រុស្ស៊ី សន្យាពង្រឹង កិច្ចសហប្រតិបត្តិការ យោធា, នុយក្លេអ៊ែរ, និង ការប្រឆាំង ភេរវកម្ម

មូស្គូ៖ ប្រទេសរុស្ស៊ី និង ឥណ្ឌា បានធ្វើការប្តេជ្ញារួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ថានឹងបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យយោធា ថាមពលនុយក្លេអ៊ែរ និង ការប្រឆាំងអំពើភេរវកម្ម ដើម្បីលើកស្ទួយភាពជាដៃគូលើ គ្រប់វិស័យ ឲ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ ២០១៥។

លោក ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ថ្លែងបន្ទាប់ពីបានពិភាក្សាជាមួយលោក នាយករដ្ឋ មន្ត្រីឥណ្ឌា ណារិដ្រា ម៉ូឌី ដូច្នេះថា “សង្វាក់ផលិតកម្ម ទ្រង់ទ្រាយធំ នៃប្រព័ន្ធមីស៊ីលប្រឆាំង នាវាចម្បាំង សម្រាប់ប្រទេសឥណ្ឌា បាន ចាប់ផ្តើមហើយ។ វាកើតឡើង ព្រមគ្នានឹងការ ផលិតយន្តហោះចម្បាំង ពហុមុខងារ និង យន្តហោះដឹកគ្រឿង សព្វាវុធ និង យោធា ព្រមទាំង ប្រព័ន្ធមីស៊ីល BraMos ដែលនឹងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព សម្រាប់វិស័យ យោធា។”

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រុស្ស៊ីពេលនេះដែរ លោក ម៉ូឌី ក៏បានសម្រេចនូវគោលដៅ មួយទៀត គឺសុំឲ្យ ក្រុមហ៊ុន រុស្ស៊ីបន្តការសាងសង់រោងចក្រនុយក្លេអ៊ែរ បន្ថែមទៀត នៅក្នុង ប្រទេសឥណ្ឌា ហើយរុស្ស៊ី ក៏បានសម្រេច ថានឹងកសាង រោងចក្រពីរកន្លែងបន្ថែមទៀតដែរ។ រោងចក្រនុយក្លេអ៊ែរ នៅឥណ្ឌា ត្រូវបានដាក់ឲ្យដំណើរការ ដំបូង កាលពីឆ្នាំ ២០១៤ ដែលវាជា ការផលិតដោយរុស្ស៊ី ផងដែរ៕

ឥណ្ឌា និង រុស្ស៊ី សន្យាពង្រឹង កិច្ចសហប្រតិបត្តិការ យោធា, នុយក្លេអ៊ែរ, និង ការប្រឆាំង ភេរវកម្ម