ធនាគារ​ស៊ី​ន​ហាន​បើក​សាខាទី​5​ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម និង​ពង្រីក​វិសាលភាព​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ទាំង​ធនាគារ​ពាណិជ្ជកម្ម ទាំង​ធនាគារ​ឯកទេស​បាន​បើក​សាខា​សរុប​ចំនួន​៥៨៦​កន្លែង​ហើយ​នៅ​ទូ​ទាំង​ប្រទេស ។ តួលេខ​នេះ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​កាន់តែ​ខ្ពស់​មក​លើ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ហើយ​ក៏​នៅ​មាន​ធនាគារ​ជា​ច្រើន​ទៀត​បាន​បន្ដ​បើក​សាខា​នៅ​កម្ពុជា​ផង​ដែរ ។ ជាក់ស្ដែង ធនាគារ​ស៊ី​ន​ហាន (Shinhan Bank) បាន​បើក​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន​មួយទៀត​នៅ​តំបន់​ស្ទឹង​មាន​ជ័យ ដែល​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​ធនាគារ​ស៊ី​ន​ហាន​ខ្មែរ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ស៊ី​ន​ហាន​នៅ​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​កូរ៉េ​មួយ​នេះ ។

តំបន់​ស្ទឹង​មាន​ជ័យ​មា​នទី​តាំងនៅ​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់​អំណោយផល​ដល់​សេដ្ឋកិច្ច​៧០​ភាគរយ​សម្រាប់​កម្ពុជា បន្ទាប់​ពី​តំបន់​នេះ​ក្លាយជា​ចំណុច ប្រសព្វ​នៃ​តំបន់​ជាយក្រុង​ភ្នំពេញ និង​ជា​តំបន់ឧស្សាហកម្ម​ធំ​ៗ​របស់​កម្ពុជា (​តំបន់ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា និង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​) មក តំបន់​នេះ​ពោរពេញ​ដោយ​អត្រា​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងច្រើន ហើយ​ក៏​ជា​ប្លុក​ធនាគារ​ក្នុងស្រុក និង​បរទេស​ដែល​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​មួយ​នេះ​ដែរ ។

ជាមួយនឹង​ការ​បើក​ដំណើរការ​សាខា​ស្ទឹង​មាន​ជ័យ​នេះ ធនាគារ​ស៊ី​ន​ហាន​ខ្មែរ បាន​ជួល​អ្នកជំនាញ​ក្នុងស្រុក​ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ហើយ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​កាត​ឥណ​ពន្ធ​ដែល​បាន​រួម​បញ្ចូល​ជាមួយ​កាត​សម្គាល់​របស់​សិស្ស​ផង​ដែរ ដើម្បី​ឈាន​ទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា ។

លើស​ពី​នេះ​ទៀត ធនាគារ​ស៊ី​ន​ហាន​ខ្មែរ បាន​ទទួល​ពានរង្វាន់ «Minister Award» ពី​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​នៃ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​ជា​ការ​បង្ហាញ​ពី​គំរូ​ល្អ​មួយ​នៃ​សកម្មភាព​ទទួលខុសត្រូវ​របស់​កូរ៉េ​ក្នុង​សង្គម​នៅ​ប្រទេស​កម្ពុជា ។ ការ​បើក​សាខា​ស្ទឹង​មាន​ជ័យ​នេះ ធនាគារ​ស៊ី​ន​ហាន មាន​បណ្ដាញ​ជាស​កល​ចំនួន​១៤០​នៅ​ក្នុង​ប្រទេស​ចំនួន​១៩ ជុំវិញ​ពិភពលោក ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​បាន​បញ្ជាក់ ។

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ព្រមទាំង​បន្ត​រក្សា​បាន​នូវ​ភាពរឹងមាំ និង​ស្ថិរភាព​ក្នុង​កាលៈទេសៈ​លំបាក​នានា​កន្លង​មក ។ ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​រាប់​បញ្ចូល​ទាំង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់ បាន​កើនឡើង​ដល់​ប្រមាណ​ជាង​២២​ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​អតិថិជន​កើនឡើង​ដល់​ប្រមាណ​ជាង​១២​ពាន់​លាន​ដុល្លារ និង​ឥណទាន​សរុប​កើនឡើង​ដល់​ប្រមាណ​ជាង​១៤​ពាន់​លាន​ដុល្លារ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​ថ្លែង​នា​ពេល​កន្លង​មក ។

« គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​បន្ត​ប្រឹងប្រែង​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ ពិពិធ​ភាព ស៊ីជម្រៅ និង​រឹង​មាំ ដោយ​ផ្អែក​លើ​គោលការណ៍​ទីផ្សារ ដើម្បី​រួមចំណែក​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ រាជ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ ដោយ​ផ្តោត​លើ​អាទិភាព​មួយ​ចំនួន​ដូច​ជា ៖ ការ​អភិវឌ្ឍ និង​សម្របសម្រួល​ក្របខ័ណ្ឌ​គោលនយោបាយ​, ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​, ការ​អភិវឌ្ឍ​យន្តការ​បង្ការ និង​ដោះស្រាយ​វិបត្តិ និង​យន្តការ​ផ្តល់​សញ្ញា​ជា​មុន​អំពី​វិបត្តិ​នានា, ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការ​ពង្រឹង​សេវា​មីក្រូហិរញ្ញវត្ថុ​ដែល​មានការ​ប្រាក់​សមរម្យ​សម្រាប់​ប្រជាជន​ក្រីក្រ ជាដើម»។ នេះ​បើ​តាម​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​ប្រចាំការ​បាន​បញ្ជាក់ ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ស្នើ​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដោយ​រិះរក​មធ្យោបាយ​ជួយ​ប្រជាជន​រង​គ្រោះ ដូច​ជា ពន្យារពេល​សង ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការ​ប្រាក់ និង​ទប់ស្កាត់​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ម្ចាស់បំណុល ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​គ្រោះ​ធម្មជាតិ​នៅ​ឆ្នាំ​នេះ​ផង​ដែរ ៕