ស្រវឹងស្រា​ជិះ​ម៉ូតូ​​​បុក​រង្វង់​មូល​ផ្សារ​ចាស់​ពោធិ៍សាត់​

ខេត្តពោធិ៍សាត់​ ៖ ​ស្នូរ​លាន់​សូរ​ប្រាវ​ទាំង​កណ្ដាល​យប់​​ធ្វើ​ឱ្យ​​ពលរដ្ឋ​ដែល​នៅ​ម្ដុំ​ផ្លូវបែក​ជា​ប្រាំ​ច្រមុះជ្រូក​ផ្សារ​ចាស់​ភ័យ​ញ័រ​រន្ធត់​ព្រោះ​ស្មានថា​ម៉ូតូ​បុក​គ្នា​ ​តាម​ពិត​​​​ម៉ូតូ​​​បុក​រង្វង់​មូល​ផ្សារ​​ចាស់​ពោធិ៍សាត់​​សោះ​ ​កាល​ពី​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​២៤ ​ធ្នូ​ ​​២០១៥​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ ​សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់​ ​។ 

មុន​​ពេល​កើតហេតុ ​យុវជន​មិន​ស្គាល់​ឈ្មោះ​​​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ ​​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ ​មិន​ចាំ​ស្លាក​លេខ​ ក្នុង​​ស្ថានភាព​ស្រវឹង​ជោក​ ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បុក​​ចំ​កណ្ដាល​រង្វង់​​មូល​ធ្លុះ​មួយ​បន្លោះ​ប្រវែង​ជាង​មួយ​ម៉ែ​ត្រ​​ដួល​​​បណ្តាល​ឱ្យ​របួស​ ​ភ្នែក ​ក្បាល ​និង​ដៃជើង​យ៉ាងដំណំ​ មិន​និយាយ​ស្ដី​អ្វី​ទាំង​អស់ ហើយ​​ក៏បាន​លើក​ម៉ូតូ​ជិះ​ទៅ​មុខ​ទៀត​ទាំង​ហូរ​ឈាម​កក្លាក់​មិនដឹង​ថា​ទៅ​ផ្ទះ ​ឬ​ទៅមន្ទីរ​​ពេទ្យ​នោះ​ទេ​ ។

គួរ​រំឭក​ថា​ រង្វង់​មូល​ច្រមុះជ្រូក​ផ្សារ​ចាស់​នេះ​ទើបតែ​ចាប់ផ្ដើម​ស្ថាបនា​បាន​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ​ មិន​ទាន់​ទាំង​រួចរាល់​ផង ក៏​​មាន​អ្នក​ស្រវឹងស្រា​ជិះ​ម៉ូតូ​ស្វាគមន៍​បណ្ដើរ​ៗ​ហើយ​​ ៕