គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!

រដ្ឋាភិបាល នៃប្រទេសសូមាលី (ទ្វីបអាហ្វ្រិកខាងកើត) បានធ្វើការហាមឃាត់ មិនឲ្យប្រារព្ធពិធី​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សកល​ថ្មី​ឡើយ ដោយចាត់ទុកថាពិធីបុណ្យទាំងនេះ មានលក្ខណៈ​«ផ្ទុយ»​ពី​វប្បធម៌​អ៊ីស្លាម។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍ របស់​សារព័ត៌មាន «Washington Post»។
គ្មាន​បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំថ្មី​អ្វី​ទាំង​អស់ នៅ​ប្រទេស​សូមាលី!
រូបគំនូរលោកតាណូអែល ដើរចែកអំណោយដល់កុមារ ដែលជាជំនឿមួយ នៅក្នុងសាសនាគ្រឹស្ទ និងបានក្លាយ សឹងតែមានលក្ខណៈជាសកល។

ផ្ទុយពី«វប្បធម៌អ៊ីស្លាម» ជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើតមួយនេះ ថែម​ទាំង​បានគិតថា ពិធីបុណ្យណូអែល និងពិធីបុណ្យចូលឆ្នាំសកលថ្មីនេះ អាចជាទិសដៅវាយប្រហារ សម្រាប់​ពួក​ភេរវជន​នោះទៀត។

ប្រជាជនសូមាលី ដែលភាគច្រើនជាបណ្ដាជន អ្នកកាន់សាសនាអ៊ីស្លាម និងបណ្ដាជន អ្នកកាន់​សាសនា​គ្រឹស្ទ មួយភាគទៀត សុទ្ធសឹងជាសមាជិក នៃកងកម្លាំងថែរក្សាសន្តិសុខ របស់ទ្វីបអាហ្វ្រិក (ដែលមាន​ចំនួន​សរុប​ប្រមាណ​ជា ២២ ០០០នាក់)។

នាយខុទ្ទកាល័យក្រសួងធម្មការ និងសាសនា របស់ប្រទេសសូមាលី លោក មហាមេដ កាយរ៉ូវ (Mohamed Khayrow) បានថ្លែងឲ្យដឹងថា ការប្រារព្ធពិធីបុណ្យទាំងនេះ អាចនឹងធ្វើឲ្យខូចខាត នូវជំនឿរបស់​សហគមន៍​សាសនា អ៊ីស្លាម។

មិនមែនមានតែ ប្រទេសសូមាលីមួយប៉ុណ្ណោះទេ ដែលបានហាមឃាត់​មិនឲ្យមានការប្រារព្ធ​ពិធី​បុណ្យ​ទាំង​នេះ ប៉ុន្តែនៅមានប្រទេសជាច្រើនទៀត ក៏បានធ្វើការហាមឃាត់ពលរដ្ឋខ្លួន មិនឲ្យធ្វើបុណ្យទាំងនេះដែរ។ កាលពីដើមសប្ដាហ៍នេះ ព្រះបាទ ស៊ុលតង់ នៃប្រទេសប៊្រុយណេ ដែលសម្បូរទៅដោយ អ្នកកាន់​សាសនា​គ្រីស្ទរស់នៅនោះ បានសម្រេចព្រះទ័យបំបាត់ចោល នូវការប្រារព្ធពិធីបុណ្យណូអែល ដោយអះអាងថា បុណ្យ​នេះ​នឹងបង្កឲ្យមានការប៉ះពាល់ ដល់សហគមន៍អ្នកប្រតិបត្តិ របស់សាសនាអ៊ីស្លាម។ យ៉ាងណា នៅ​ក្នុង​ប្រទេសដ៏តូច ដែលស្ថិតក្នុងទ្វីបអាស៊ី ភាគអាគ្នេយ៍មួយនេះ បានអនុញ្ញាតឲ្យមានការធ្វើបុណ្យនេះ ជា​លក្ខណៈ​ឯកជន។

រីឯនៅក្នុងប្រទេសតាគីជីស្ដង់ (Tadjikistan) អតីតទឹកដីមួយ នៃសហភាពសូវៀត ដែលស្ថិតក្នុងទ្វីប​អាស៊ី​កណ្ដាល​វិញ អាជ្ញាធររបស់ប្រទេសនេះ ក៏បានធ្វើការហាមឃាត់ បុណ្យនៅចុងឆ្នាំសកលទាំងនេះ ដូចគ្នា​ដែរ។ ការហាមឃាត់នេះ រាប់បញ្ចូលទាំងការតុបតែងគេហដ្ឋាន ទីធ្លាសួនច្បារ ឬដើមសាប៉ាំង ណូអែល អ្វីៗ​ទាំង​អស់៕