​ពលរដ្ឋ​៤៥​នាក់​ពុល​កូកាកូឡា រហូត​នោម​ចេញឈាម​នៅ​ខេត្តពោធិ៍សាត់​

រូប​ភាពពី ​លោក ខេង ទី​តូ​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ពុល​ទឹកក្រូច ម៉ាក​កូកាកូឡា ក្រោយពី​បានទទួល​ទាន​នៅក្នុង​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​១​គូ នៅក្នុង​ភូមិ​។​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពោធិ៍សាត់ លោក ខេង ទី​តូ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ពុល​ចំនួន៤៥នាក់​នោះ មាន​ប្រុស​ចំនួន២០នាក់ និង​ស្រី​ចំនួន២៥នាក់។ លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​ពុល​ទឹកក្រូច​ម៉ាក កូកាកូឡា ដោយមាន​អាកា​រៈ​ចុកពោះ ក្អួតចង្អោ និង​ខ្លះទៀត​ពុល​រហូតដល់​នោម​ចេញឈាម និង​មាន​ឈាម​ចេញ​តាម​រោម តាម​ស្បែក​ជាដើម។លោក​ថា ការពុល កូកាកូឡា នេះ គឺ​កើត​ឡើងជាបន្ត​បន្ទាប់​ក្រោយពី​ប្រជាពលរដ្ឋ​ទាំងនោះ បានទទួល​ទាន​ទឹក​ក្រូច កូកាកូឡា នៅក្នុង​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ១គូ នៅក្នុង​ភូមិ កាលពី​ថ្ងៃទី២១ ធ្នូ​កន្លងមក។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រូបនេះ បាន​បន្ថែមថា រហូតមក​ដល់ពេល​មាន​ប្រជាពលរដ្ឋ​ចំនួន៦នាក់ ដែលមាន​អា​ការៈពុល​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនមក​មន្ទី​ពេទ្យ​នៅ​ភ្នំពេញ ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ។លោក​បញ្ជាក់​ដូច្នេះ​ថា៖«មាន​អ្នកខ្លះ​ក្អួតចង្អោ នោម​ឈាម ចេញឈាម​តាម​រោម តាម​ស្បែក រហូតដល់​បញ្ជូនមក​មន្ទី​ភ្នំពេញ៦នាក់ ដោយសារតែ​ការពុល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក»។

បើតាម​លោក ខេង ទី​តូ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើទឹក​ក្រូច ម៉ាក​កូកាកូឡា ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ពុល​នេះ ឃើញថា ផលិតផល​ទឹកក្រូច​នេះ គឺ​បាន​នាំចូល​មកពី​ប្រទេស​វៀតណាម ដោយបាន​ចរាចរណ៍​លក់​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ។ ប៉ុន្ដែ​លោក​ថា សមត្ថកិច្ច មិនទាន់​អាច​សន្និដ្ឋានបាន​ទាំងស្រុង​នៅឡើយ​ទេ ដោយ​រងចាំ​មើល​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​បន្ថែមទៀត ជុំវិញ​ករណី​ពុល​ទឹកក្រូច កូកាកូឡា នេះ៕