អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន ៨​នាក់​

ភ្នំពេញ: កម្លាំង​ការិយាល័យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ប៉ាន់ សុភាពនាយការិយាល័យ​គ្រឿងញៀន​រាជធានី​និង​លោក ព្រុំ សក្កា មេបញ្ជាការកងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ រួម​និង​កំលាំង​កងរាជអាវុធហត្ថ​ជាច្រើនបាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន ៨​នាក់ក្នុងនោះ​ស្រី ១​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ខែ​ធ្នួ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ពេទ្យ​លោកសង្ឃ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ​។​

​លោក ព្រុំ សក្កា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន ៨​នាក់ ក្នុងនោះ​ស្រី​១នាក់ កម្លាំង​របស់លោក​បាន​ដកហូត​វត្ថុតាង ទូរស័ព្ទ​ចំនួន​៣​គ្រឿង ប្រាក់រៀល៩២៥.០០០​រៀល និង​ប្រាក់​ដុល្លារ ២៥៥​ដុល្លា និង​ឧ​បករ​ណ៌ សម្ភារប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​រួម​នឹង​វត្ថ​តាង បាន​បញ្ជូន​ខ្លួន​ទៅកាន់​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ និង​ចាត់​ការបន្ត​តាម​និតិ​វិធី ៕R