សម្តេចតេជោ នឹងអញ្ជើញទៅសម្ពោធ បង្គោលព្រំដែន នៅច្រកអូយ៉ាដាវ និងភ្នំដិន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាព ចូលរួមសម្ពោធបង្គោលព្រំដែន ច្រកអូយ៉ាដាវលេខ៣០ និងច្រកភ្នំដិន ខេត្តតាកែវ បង្គោលលេខ២៧៥ ។

ការចុះអញ្ជើញទៅសម្ពោធនេះ នៅពេលព្រឹកសម្តេច នឹងចុះទៅសម្ពោធ នៅបង្គោលនៅច្រកអូយ៉ាដាវ ខេត្តរតនគិរី ចំណែកពេលល្ងាច សម្តេចនឹងអញ្ជើញទៅ សម្ពោធនៅច្រកភ្នំដិន ខេត្តាកែវ ។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ថា ការបង្គោលព្រំដែននេះ មិនត្រឹមតែបង្កើនមិត្តភាពរវាង ប្រទេសក្បែរខាងនោះទេ ប៉ុន្តែថែមទាំងបង្កើតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។

លោកស្រីបន្តថា កន្លងមកកម្ពុជាបានបង្គោលព្រំដែនលេខ៧១និង៣១៤នៅបាវិត ខេត្តស្វាយរៀង ។ នេះជាលើកទី៣ ហើយសម្រាប់ការបោះបង្គោលព្រំដែន។

សូមបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមបានស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាម ច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះបានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង ហើយបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី ២០  ធ្នូ ឆ្នាំ ។

ទន្ទឹមជាមួយគ្នានេះផងដែរ ភាគីទាំងពីរក៏បានស្ថាបនាផ្លូវប្រវែង ជាង២០០ម៉ែត្រ សម្រាប់តភ្ជាប់រវាង ច្រកអន្តរជាតិ ទាំងពីរផងដែរ។ ការស្ថាបនា និងពង្រីកផ្លូវនេះឲ្យចេញពីផ្លូវលំ ទៅជាផ្លូវដែលមានទទឹងប្រវែង ១៨ម៉ែត្រ ដើម្បីងាយស្រួលការធ្វើដំណើរ និងដឹកជញ្ជួនទំនិញឆ្លងកាត់។

ច្រកអន្តរជាតិអូរយ៉ាដាវ ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ដែលមានផ្លូវងាយ ស្រួលធ្វើដំណើរនោះ ត្រូវបានមន្រ្តីច្រកទ្វារព្រំដែន អះអាងថា មិនសូវជាមានទំនិញឆលងកាត់ ច្រើននោះទេ ក្រៅតែពីដំណាំកសិផលដូចជា ដំឡូងមី ស្វាយចន្ទីរ កៅស៊ូ ម្រេច ដែលនាំពីកម្ពុជាទៅ វៀតណាម។

ដោយឡែកពីវៀតណាម មកវិញមានដូចជា ឥវ៉ាន់ចាប់ហ៊ួយ គ្រឿងទេស និងបន្លែ បង្កាផ្សេងៗ។ ច្រកនេះក៏មាន ផងដែរការដឹកជញ្ជូន អ្នកជំងឺ របស់ខ្មែរ ដែលមានអាការៈធ្ងន់ធ្ងរ ឬជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម ទៅព្យាបាល នៅវៀតណាម។ សម្រាប់ភ្ញៀវទេសចរត្រូវបានមន្រ្តីអះអាងថា មានដែរតែមិនច្រើន។

សូមបញ្ជាក់ថា នៅតំបន់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្រៅពីមានផ្លូវចាក់កៅស៊ូងាយស្រួល ធ្វើដំណើរហើយនោះ នៅតំបន់នេះក៏មានតំបន់សេដ្ឋកិច្ចរួម មានសណ្ឋាគារ និងការស៊ីណូប្រណីតទំនើប លំដាប់ផ្កាយ៥  ស្ថានីយ ប្រេងឥន្ធនៈ ផែស្ងួតផងដែរ។ សណ្ឋាគារ និងការស៊ីណូដ៏ប្រណីតភាព ស្ថានីយប្រេងឥន្ធនៈ និងផែស្ងួត គឺជា របស់លោក ឧកញ៉ា ទ្រី ភាព ដែលបានធ្វើការអភិវឌ្ឍ ជាមួយទុនវិនិយោគរាប់លានដុល្លារ ដើម្បីឲ្យតំបន់ព្រំដែន កម្ពុជានេះ ក្លាយជាអ៊ួរអរ មិនស្ងាត់ជ្រងំ ដូចគ្រាដើមឡើយ៕

សម្តេចតេជោ នឹងអញ្ជើញទៅសម្ពោធ បង្គោលព្រំដែន នៅច្រកអូយ៉ាដាវ និងភ្នំដិន

សម្តេចតេជោ នឹងអញ្ជើញទៅសម្ពោធ បង្គោលព្រំដែន នៅច្រកអូយ៉ាដាវ និងភ្នំដិន

សម្តេចតេជោ នឹងអញ្ជើញទៅសម្ពោធ បង្គោលព្រំដែន នៅច្រកអូយ៉ាដាវ និងភ្នំដិន