ខ្សែ ​ប្រយុទ្ធ​របស់​ Spurs វះ​កាត់​ជង្គង់​សម្រាក ៣ ខែ

ខ្សែ ​ប្រយុទ្ធ Clinton Njie របស់​ក្លិប Tottenham នឹង​ត្រូវ​អវត្ត​មាន​រហូតដល់​រយៈពេល ៣ ខែ ក្រោយ​ពី​ទទួល​​ការ​វះ​កាត់​លើ​ជង្គង់​របស់​គេ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Mauricio Pochettino ដែល​ជា​គ្រូ​បង្វឹក កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​។

Clinton-Njie-609075

ខ្សែ​ប្រយុទ្ធ​​អន្ដរជាតិ​កា​មេរូន​រូប​នេះ​ បាន​ទទួល​ការ​វះ​កាត់ដ៏​ចាំ​បាច់​មួយ ក្រោយ​ពីរងរបួស​លើ​ជង្គង់​របស់​ខ្លួន​ក្នុង​ពេល​ក្រុម Spurs ទទួល​ជ័យ​ជម្នះ​លើ​ក្រុម Monaco ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League កាល​ពី ២ សប្តាហ៍​មុន​។

លោក Pochettino បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «អ្នក​នឹង​មិនដឹង​ឡើយ ពី​ព្រោះ​រាល់​ថ្ងៃ​ជង្គង់​ត្រូវ​មាន​ដំណើរការរាល់​ថ្ងៃ ប៉ុន្តែ វា​ប្រហែល​ជា​​ត្រូវ​ចំណាយ​ពេលរយៈ​ពេល ២ ខែ ឬ​ក៏​ច្រើន​ជាង​នេះ​»។

ព័ត៌មាន​ដ៏ខក​ចិត្ត​​មួយ​នេះ ​ធ្វើ​ឲ្យ​ក្រុម Tottenham កាន់​តែមាន​ជម្រើស​តិច​តួច​ក្នុង​តំបន់​ប្រយុទ្ធ ខណៈ​ដែល Harry Kane បច្ចុនប្បន្ន គឺ​ជា​ខ្សែ​ប្រយុទ្ធ​​ដែល​លេច​ធ្លោ​ជាង​គេ​តែ​ម្នាក់​របស់​ក្លិប​នេះ​។

លោក Pochettino បាន​បញ្ជាក់​ថា កីឡាករ Njie, Son Heung-min និង Nacer Chadli អាច​លេង​ក្នុងតំបន់​ប្រយុទ្ធ ប៉ុន្តែ​ កីឡាករ​ទាំង​បី​មាន​ភាព​ស័ក្តិ​សមជាង​ក្នុង​ការ​លេង​ក្នុង​តំបន់​បម្រើ​ ប្រយុទ្ធ ហើយ Spurs បច្ចុប្បន្ន ហាក់​ដូច​ជា​ត្រូវ​បោះ​ជំ​ហាន​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែ​ មក​រា ​ដើម្បី​ស្វែង​រកខ្សែ​​ប្រយុទ្ធ​ម្នាក់​ទៀត​។